(ហុងកុង)៖ លោក Daniel Zhang អគ្គនាយកក្រុមហ៊ុន Alibaba Group បានឱ្យដឹងថា ការបំបែកអង្គភាពអាជីវកម្មរបស់ក្រុមហ៊ុនទៅជាស្ថាប័នដាច់ដោយឡែក នឹងអនុញ្ញាតឱ្យអង្គភាពអាជីវកម្មទាំងនេះកាន់តែមានភាពរហ័សរហួន ហើយទីបំផុតអាចចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) ដោយខ្លួនបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការអត្ថាធិប្បាយរបស់លោក Zhang បានធ្វើឡើងពីរថ្ងៃបន្ទាប់ពីក្រុមហ៊ុន Alibaba បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំបំផុតរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន ដែលនឹងមើលឃើញពីការផ្លាស់ប្តូរទៅជារចនាសម្ព័ន្ធក្រុមហ៊ុនបែបជាក្រុមហ៊ុនហូលឌីដ ដែលមានអង្គភាពអាជីវកម្មចំនួន៦ ដែលក្រុមហ៊ុននីមួយៗមានអគ្គនាយក (CEO) និងប្រឹក្សាភិបាល ផ្ទាល់របស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Zhang ខណៈថ្លែងទៅកាន់វិនិយោគិនក្នុងសន្និសិទមួយថា៖ «Alibaba នឹងមានលក្ខណៈជាប្រតិបត្តិករទ្រព្យសកម្ម និងមូលធនច្រើនជាងប្រតិបត្តិករអាជីវកម្មទាក់ទងនឹងក្រុមហ៊ុនសម្ព័ន្ធអាជីវកម្ម»

លោកបានបន្ថែមថា អង្គភាពអាជីវកម្មទាំងនេះនឹងមាននាយកប្រតិបត្តិ និងក្រុមប្រឹក្សាផ្ទាល់របស់ខ្លួន ទោះបីជាក្រុមហ៊ុន Alibaba នឹងនៅតែរក្សាកៅអីក្នុងក្រុមប្រឹក្សាភិបាលទាំងនោះក្នុងរយៈពេលខ្លីក៏ដោយ។

លោក Zhang បានប្រាប់វិនិយោគិនក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទថា ក្រុមហ៊ុន Alibaba បានចាប់ផ្តើមបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញកាលពីប៉ុន្មានឆ្នាំមុន។ លោកបន្ថែមថា អង្គភាពអាជីវកម្មទាំងនេះអាចស្វែងរកការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈបានដោយខ្លួនឯងនាពេលអនាគត។

លោក Toby Xu ប្រធានផ្នែកហិរញ្ញវត្ថុរបស់របស់ក្រុមហ៊ុន Alibaba បាននិយាយនៅក្នុងសិន្នសីទនេះថា បន្ទាប់ពីអង្គភាពទាំងនេះបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ ក្រុមហ៊ុន Alibaba «នឹងបន្តវាយតម្លៃលើសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនទាំងនេះ» ហើយ «នឹងសម្រេចចិត្តថាតើត្រូវបន្តរក្សាការគ្រប់គ្រងលើអង្គភាពទាំងនេះទៀតឬអត់»

លោក Xu បានថ្លែងថា ជាលទ្ធផលនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ អង្គភាពអាជីវកម្មនីមួយៗអាចស្វែងរកការប្រមូលថវិកាដោយឯករាជ្យ និងការបោះផ្សាយ IPO នៅពេលដែលពួកគេត្រៀមខ្លួនរួចរាល់ហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕