​(ភ្នំពេញ)៖ វិនិយោគិន និងធុរជនចិន មកពីខេត្តសានតុង ប្រទេសចិន បានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីប្រទេសចិនបើកឡើងវិញកាលដើមខែមករា ឆ្នាំ២០២៣​។

ក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ​ជាមួយគណៈប្រតិភូនៃសមាគមវិនិយោគិននិងធុរជនខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា​ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​លោក ជា វុទ្ធី បានជំរុញលើកទឹកចិត្តវិនិយោគិនចិន​ ឱ្យបណ្តាក់ទុនវិនិយោគក្នុងវិស័យគន្លឹះមួយចំនួននៅកម្ពុជា ដែល​កំពុងមានសក្តានុពលធំធេង សម្រាប់បំពេញតម្រូវការផ្គត់ផ្គង់របស់តំបន់ និងសកលលោក។

​​​លោក ជា វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ ដើម្បីសិក្សាឱ្យបានស៊ីជម្រៅអំពីបរិស្ថានវិនិយោគ និងការវិវឌ្ឍនៃគោលនយោបាយពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។ ​

លោកសង្ឃឹមយ៉ាងមុតមាំថា ការវិនិយោគរបស់វិនិយោគិន និងធុរជននៃខេត្តសានតុង នឹងចូលរួមចំណែកដុសខាត់ កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិនឱ្យកាន់តែមានពន្លឺភ្លឺថ្លា និងបង្កើនតម្លៃបន្ថែម សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី​៕