(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី និងក្រុមហ៊ុន Toyota បានឱ្យដឹងកាលពីថ្ងៃសុក្រថា រោងចក្រផលិតរថយន្តជប៉ុននៅទីក្រុងសេនភេទ័រប៊ឺគ (St Petersburg) ត្រូវបានប្រគល់ទៅឱ្យវិទ្យាស្ថាន NAMI ខណៈដែលទីក្រុងមូស្គូចូលកាន់កាប់ទ្រព្យសកម្មកាន់តែច្រើនពីក្រុមហ៊ុនផលិតរថយន្តពិភពលោកនានាដែលចាកចេញពីប្រទេសរុស្ស៊ីដោយសារជម្លោះនៅអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់រុស្ស៊ីថា៖ «ទីតាំងផលិតកម្មរបស់ក្រុមហ៊ុន Toyota នៅទីក្រុង St Petersburg ត្រូវបានផ្ទេរទៅឱ្យរដ្ឋ»

ក្រុមហ៊ុន Toyota បានឱ្យដឹងកាលពីខែកញ្ញាថា ខ្លួនបានសម្រេចចិត្តបញ្ឈប់ការផលិតរថយន្តនៅក្នុងប្រទេសរុស្ស៊ីដោយសារតែការរំខានផ្នែកផ្គត់ផ្គង់សម្ភារ និងគ្រឿងបន្លាស់សំខាន់ៗ។

ក្រុមហ៊ុន Toyota បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមហ៊ុន Toyota បញ្ជាក់ថាខ្លួនបានបញ្ចប់ការផ្ទេររោងចក្រផលិតរថយន្តរបស់ខ្លួនទៅឱ្យវិទ្យាស្ថាន NAMI ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការផ្ទេរកម្មសិទ្ធិពេញលេញនៃអគាររោងចក្រ និងដី»
ភាគីទាំងពីរមិនបានបង្ហាញតម្លៃផ្ទេរនេះទេ ហើយក្រុមហ៊ុន Toyota បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះ។

អ្នកនាំពាក្យក្រុមហ៊ុន Toyota បានឱ្យដឹងថា ក្រុមហ៊ុនបានផលិតរថយន្ត Camry និង RAV4 នៅរោងចក្រនេះដែលដំណើរការតាំងពីឆ្នាំ២០០៥មក។ រថយន្តជាង ៨ម៉ឺនគ្រឿងត្រូវបានផលិតនៅរោងចក្រនេះក្នុងឆ្នាំ២០២១។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរុស្ស៊ីបានឱ្យដឹងថា ខ្លួនកំពុងធ្វើការលើការផលិតឡើងវិញនៅរោងចក្រនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

NAMI ដែលជាវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍រថយន្ត និងម៉ាស៊ីនមជ្ឈិមរបស់រុស្ស៊ី បានចូលកាន់កាប់រោងចក្រពីក្រុមហ៊ុន Renault និងក្រុមហ៊ុន Nissan រួចហើយ។

ក្រុមហ៊ុន Renault របស់បារាំងបានលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Avtovaz របស់រុស្ស៊ីក្នុងតម្លៃត្រឹមតែមួយរូប្លប៉ុណ្ណោះ ប៉ុន្តែដោយភ្ជាប់ជម្រើសរយៈពេលប្រាំមួយឆ្នាំក្នុងការទិញមកវិញ។ វិទ្យាស្ថាន NAMI បានបង់តម្លៃមួយអឺរ៉ូសម្រាប់ការចូលកាន់កាប់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Nissan។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕