(សិង្ហបុរី)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ ត្រូវបានរំពឹងថានឹងកើនឡើងនៅឆ្នាំនេះ ដោយសារសេដ្ឋកិច្ចក្នុងតំបន់ទទួលបានអត្ថប្រយោជន៍ពីការបើកចំហរប្រទេសឡើងវិញរបស់ចិន។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា តំបន់នេះនៅតែមានភាពធន់ទៅនឹងការប្រឈមទៅនឹងការបញ្ហាជាសកល បើធៀបនឹងប្រទេសដទៃទៀត។

យោងតាមរបាយការណ៍នេះ សេដ្ឋកិច្ចក្នុងតំបន់ត្រូវបានរំពឹងថានឹងកើនឡើង ៥,១ភាគរយនៅឆ្នាំនេះ ពោលគឺកើនឡើងពី ៣,៥ភាគរយនៅឆ្នាំ២០២២។ ការព្យាករនេះកើនឡើង ០,៥ភាគរយធៀបនឹងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុមួយនេះកាលពីខែតុលាឆ្នាំមុន។

ទោះជាយ៉ាងណា ធនាគារពិភពលោកបានព្រមានថា ប្រទេសក្នុងតំបន់នេះត្រូវតែប្រែប្រួលទៅតាមទិដ្ឋភាពពិភពលោកដែលផ្លាស់ប្តូរ រួមទាំងការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម ប្រជាជនកាន់តែមានវ័យចំណាស់យ៉ាងឆាប់រហ័ស និងហានិភ័យអាកាសធាតុ។

ធនាគារពិភពលោកបានបន្ថែមថា កំណែទម្រង់ស៊ីជម្រៅ វិធានការគ្រប់គ្រងបង្ការជាមុន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួនក្នុងបញ្ហាប្រឈមទាំងនេះ។

ការវិភាគក្នុងរបាយការណ៍ប្រចាំត្រីមាសនេះរបស់ធនាគារនេះបានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសភាគច្រើននៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ បានស្ទុះងើបឡើងវិញ ដែលដឹកនាំដោយការនាំចេញទំនិញ និងការប្រើប្រាស់ឯកជន។ នេះបើយោងតាមកាសែត Channel News Asia៕