(ភ្នំពេញ)៖​ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) អាចប្រមូលទុនពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការបោះផ្សាយលក់មូលបត្រ បន្ថែមឱ្យជម្រើសនៃការខ្ចីទុនពីធនាគារ។

លោកបន្តថា ការកៀរគរមូលនិធិតាមរយៈទីផ្សារមូលបត្រ មិនត្រឹមតែអាចផ្តល់នូវដើមទុនសម្រាប់ SMEs យកទៅពង្រីកអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់ស្តង់ដាអាជីវកម្ម តម្លាភាព អភិបាលកិច្ចល្អ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ដែលនឹងពង្រឹងទំនុកចិត្តកាន់តែខ្លាំង មកលើក្រុមហ៊ុនបោះផ្សាយ។

ការរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យមូលបត្រនៅកម្ពុជា» រវាងនិយ័តករមូលបត្រកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោកបន្ថែមថា «ទីផ្សារមូលបត្រ គឺជាប្រភពហិរញ្ញប្បទានសម្រាប់ SMEs ដើម្បីពង្រីកសក្តានុពលកំណើនរបស់ខ្លួន ជាមួយនឹងការទទួលបានដើមទុន ដោយទទួលបាននូវទំនុកចិត្ត ពីសាធារណជន ហើយវាក៏ជាច្រកវិនិយោគដែលផ្តល់ឱកាសឱ្យសាធារណជន និងសហគ្រិនក្លាយជាភាគហ៊ុនិក របស់ក្រុមហ៊ុនដែលចុះបញ្ជីលក់មូលបត្រនៅកម្ពុជា ដោយងាយស្រួល និងមិនសាំញ៉ាំ»

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានថ្លែងថា គិតមកដល់ពេលសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានកើតឡើងដល់ជាង ៦០០នាក់ ហើយមានសាខានៅតាមបណ្តារាជធានីខេត្តចំនួន៦ ដូចជាភ្នំពេញ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ត្បូងឃ្មុំ និងព្រះសីហនុ។ លើសពីនេះ សមាគមនឹងពង្រីងសាខារបស់ខ្លួនឲ្យគ្រប់ខេត្តនៅឆ្នាំ២០២៦ ដែលធ្វើសមាជិកកើនឡើងដល់ ១៥០០នាក់។

លោកឧកញ៉ាបានពន្យល់ ដល់សមាជិករបស់ខ្លួន អំពីវិធីក្នុងការជំរុញឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន តាមរយៈការចូលក្នុងប្រព័ន្ធផ្លូវច្បាប់ គឺចុះបញ្ជីឲ្យបានត្រឹមត្រូវ ដោយកុំបារម្ភ ឬភ័យខ្លាចលើការបង់ពន្ធ។

លោកថា ការចុះបញ្ជីត្រឹមត្រូវ SMEs នឹងទទួលបានការជួយជ្រោមជ្រែង ពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ទាំងការទទួលបានឥណទានពង្រីកអាជីវកម្ម ហើយអាចពេលអនាគតឡើងផ្សារហ៊ុនទៀតផង។

លោកបន្ថែមថា​ «ការដែលយើង [SMEs] ចុះបញ្ជីស្រួលបួល មានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ យើងងាយនឹងរួមគ្នា រកស៉ីចូលហ៊ុនជាមួយគ្នា អភិវឌ្ឍន៍ទាំងអស់ បើយើងមិនរួមគ្នាទេ ថ្ងៃក្រោយយើងអាចនឹងប៉ះជាមួយការពង្រីកខ្លួន របស់ក្រុមហ៊ុនធំ»

លោក ស៊ូ សុជាតិ ក៏បានជំរុញដល់ម្ចាស់សហគ្រាស ដែលជាសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ អំពីការទាមទារមួយចំនួន ដើម្បីអាចឲ្យ SMEs ចុះបញ្ជីក្នុងផ្សារហ៊ុនបាននោះ គឺទី១៖ របាយការណ៍ហិរញ្ញវត្ថុ ត្រូវរៀបចំឲ្យបានល្អ និងទី២៖ ការចិញ្ចឹមចិត្តក្នុងការរៀបចំក្រុមហ៊ុន ឲ្យមាននូវអភិបាលកិច្ចសាជីវកម្ម។

លោកបន្តថា វិស័យមូលបត្រនៅកម្ពុជា ចាប់ផ្តើមទីផ្សារពីចំនុចសូន្យ ហើយមកដល់ពេលនេះ មានហេដ្ឋារចនាសម្ព័ន្ធពេញលេញ ដែលគិតចាប់តាំងពីដាក់ឱ្យដំណើរការទីផ្សារនេះ មានក្រុមហ៊ុនចំនួន១៨ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុល (សញ្ញាបណ្ណ) ដោយបានប្រមូលសាច់ប្រាក់ពីទីផ្សារសរុប ៣១៧លានដុល្លារ។

លោកបន្ថែមថា​ ក្នុងឆ្នាំ២០២៣នឹងមានក្រុមហ៊ុនមួយចំនួនទៀត បោះផ្សាយលក់មូលបត្រតាមរយៈទីផ្សារមូលបត្រ ដែលនាពេលថ្មីនេះ ផ្សារមូលបត្រកម្ពុជា បានផ្តល់ការអនុញ្ញាតជាគោលការណ៍ដល់ក្រុមហ៊ុនចំនួន២ រួមមានក្រុមហ៊ុន ម៉េងលី ជេ. គួច អេដ្យូខេសិន ម.ក និងក្រុមហ៊ុនខេម ជី អេសអឹម ភីអិលស៊ី (Cellcard)។

លោករំពឹងថា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមរបស់ សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យមូលបត្រនៅកម្ពុជា» នឹងជួយជំរុញការឲ្យមានយល់ដឹងពីការជួញដូរមូលបត្រ និងការរៀបចំខ្លួនឱ្យស្របតាមស្តង់ដា ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងការបោះផ្សាយលក់មូលបត្រ ជាសាធារណៈនៅកម្ពុជា ដែលជាជម្រើសវិនិយោគថ្មីមួយផ្សេងទៀត ដែលផ្តល់នូវភាពងាយស្រួល សម្រាប់សហគ្រិន ក្លាយជាភាគហ៊ុនិកក្រុមហ៊ុនធំៗ និង SMEs ដែលចុះបញ្ជីលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា៕