(ក្រុងនុសាឌុអា)៖ កិច្ចពិភាក្សារវាងទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍បានឈានចូលដល់ថ្ងៃចុងក្រោយរបស់ខ្លួននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយមេដឹកនាំទាំងនេះបានផ្តោតលើការពង្រឹងភាពធន់របស់តំបន់នេះប្រឆាំងនឹងហានិភ័យសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការជួបប្រជុំរបស់មេដឹកនាំហិរញ្ញវត្ថុមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កើតឡើងក្នុងគ្រាដែលមានភាពចលាចលក្នុងវិស័យធនាគារពិភពលោកនាពេលថ្មីៗនេះ បន្ទាប់ពីការដួលរលំធនាគារ Silicon Valley Bank និងការផ្តល់ថវិកាសង្គ្រោះនិងការកាន់កាប់ធនាគារ Credit Suisse ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះថា ទោះបីជាតំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករដោយស្ថាប័នអន្តរជាតិនានាថានឹងមានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំនេះក៏ដោយ ក៏អ្នកបង្កើតគោលនយោបាយគួរតែធ្វើបច្ចុប្បន្នភាពជាប្រចាំនូវគោលនយោបាយនានាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោក។

លោកស្រីបានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាត្រូវរក្សាការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមខាងក្រៅមួយចំនួនដែលអាចបង្កឱ្យមានភាពចលាចលនៅក្នុងសេដ្ឋកិច្ចក្នុងតំបន់របស់យើង»

លោក Perry Warjiyo ទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ីបានអំពាវនាវដល់កិច្ចប្រជុំនេះឱ្យជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការទូទាត់ដើម្បីកាត់បន្ថយការប្រែប្រួលតម្លៃ និងបញ្ហាប្រឈមទៅនឹងរូបិយប័ណ្ណធំៗ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទេសាភិបាលរងធនាគារកណ្តាលឥណ្ឌូណេស៊ីលោក Dody Budi Waluyo បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមមន្ត្រីនៅក្នុងកិច្ចប្រជុំនៅកោះបាលីក៏បានស្នើឱ្យពិភាក្សាអំពីវិធីកែលម្អការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ផងដែរ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅក្នុងប្រទេសអាស៊ានមួយចំនួនមិនទាន់ត្រូវបានអភិវឌ្ឍពេញលេញក្តី។ លោកបានបន្ថែមថា ក្រុមមន្ត្រីក៏បានពិភាក្សាអំពីរូបិយប័ណ្ណគ្រីបតូ និងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលផងដែរ៕