(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍កាលពីថ្ងៃសុក្រថា វៀតណាមនឹងត្រូវការទឹកប្រាក់វិនិយោគរហូតដល់ ២៧០ពាន់ពាន់លានដុង (១១,៥១ពាន់លានដុល្លារ) ដើម្បីពង្រីកប្រព័ន្ធស្តុកប្រេងឥន្ធនៈជាតិរបស់ខ្លួននៅឆ្នាំ២០៣០។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់កាសែត Dau Tu របស់វៀតណាមថា ការវិនិយោគនេះនឹងបង្កើនសមត្ថភាពផ្ទុកប្រេងឆៅ និងប្រេងចម្រាញ់រួចរបស់ប្រទេសនេះដល់ ៧៥ ទៅ ៨០ថ្ងៃនៃការនាំចូលសុទ្ធ។

វិទ្យុរដ្ឋវៀតណាម VOV បានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien ដែលបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សមត្ថភាពផ្ទុកប្រេងឥន្ធនៈបច្ចុប្បន្នរបស់ប្រទេសនេះមានចំនួន ៦៥ថ្ងៃនៃការនាំចូលសុទ្ធ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់មួយនេះ ជួនកាលប្រឈមមុខនឹងបញ្ហាការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដោយសារភាពតានតឹងនៃការផ្គត់ផ្គង់សកល ឬដំណើរការខុសប្រក្រតីនៃរោងចក្រចម្រាញ់ប្រេងក្នុងស្រុករបស់ខ្លួន។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រថា៖ «ផែនការនេះ ប្រសិនបើត្រូវបានអនុម័តដោយអ្នកបង្កើតគោលនយោបាយ នឹងដាក់ទិសដៅសម្រាប់ក្រុមហ៊ុននានាក្នុងការសាងសង់ ពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្ទុកប្រេងឥន្ធនៈដែលមានស្រាប់»

កាសែត Dau Tu បានរាយកាណ៍ថា ការវិនិយោគភាគច្រើនដែលត្រូវការសម្រាប់ផែនការនេះនឹងបានមកពីក្រុមហ៊ុនអាជីវកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕