(តូក្យូ)៖ បន្ទាប់ពីដំណើរការលក់អស់រយៈពេល ៤៣ឆ្នាំមក ក្រុមហ៊ុន Toyota នឹងឈប់លក់រថយន្ត Camry នៅប្រទេសជប៉ុននៅដំណាច់ឆ្នាំ២០២៣នេះ ដោយសារការលក់មិនសូវដាច់នៅក្នុងទីផ្សារក្នុងស្រុក ដោយលក់បានតែ ៦ពាន់គ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត Nikkei Asia។

កាសែត Nikkei Asia បានរាយការណ៍ធា នាពេលបច្ចុប្បន្ននេះ រថយន្តម៉ាក Camry មានតម្លៃចន្លោះពី ៣,៤៩៥យ៉េន ទៅ ៤,៦៨២លានយ៉េន (ប្រហែលពី ២៦ ២៧០ទៅ ៣៥ ២០០ដុល្លារ) នៅក្នុងប្រទេសជប៉ុន ហើយអ្នកចែកចាយភាគច្រើនបានឈប់ទទួលការបញ្ជាទិញរួចហើយ។

ខណៈពេលដែលការផលិតរថយន្ត Camry នឹងឈប់ផលិតសម្រាប់អតិថិជនក្នុងស្រុក រថយន្តម៉ូដែលនេះនឹងនៅតែបន្តផលិតនៅក្នុងប្រទេសជប៉ុនសម្រាប់ទីផ្សារនាំចេញ ដែលក្រុមហ៊ុននឹងបន្តលក់រថយន្តនេះ។ រថយន្ត Camry ក៏ត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសថៃផងដែរ។

រថយន្ត Camry ត្រូវបានដាក់ឈ្មោះមកពីពាក្យជប៉ុនថា “kanmuri” ដែលមានន័យថា “មកុដ” ហើយចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ១៩៨០ មក រថយន្តប្រហែល ១,៣លានគ្រឿងត្រូវបានលក់នៅក្នុងប្រទេសជប៉ុន។ ក្រៅពីប្រទេសជប៉ុន ម៉ូដែលនេះលក់ក្នុងប្រទេសជាង ១០០ ដោយរថយន្តជាង ២១លានគ្រឿងត្រូវបានទិញរហូតដល់ដំណាច់ឆ្នាំ២០២២។

បើទោះជារថយន្ត Camry បានបញ្ចប់ក្នុងទីផ្សារក្នុងស្រុករបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុន Toyota នឹងនៅតែលក់រថយន្ត Corolla, Corolla Axio, Century, Mirai, Prius ក៏ដូចជារថយន្ត Crown ផងដែរ។ សព្វថ្ងៃនេះ អតិថិជននៅប្រទេសជប៉ុនមានទំនោរជិះរថយន្តប្រភេទ SUV និងរថយន្តធុនតូច ដែលកាត់បន្ថយតម្រូវការរថយន្តប្រភេទស៊ីដាន (Sedan) ដូចជារថយន្ត Camry នេះ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន Nissan បានឈប់ផលិត Fuga មួយឆ្នាំបន្ទាប់ពីក្រុមហ៊ុន Honda ឈប់ផលិតរថយន្ត Legend។ នេះបើយោងតាមកាសែត Nikkei Asia៕