(គូឡាឡាំពួរ)៖ ធនាគារកណ្តាលម៉ាឡេស៊ីកាលពីថ្ងៃពុធបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣នៅដដែលពី ៤ ភាគរយទៅ ៥ ភាគរយដោយនិយាយថា ស្ថានភាពក្នុងស្រុកដែលប្រសើរឡើងនឹងទំនងជាប៉ះប៉ូវហានិភ័យដែលបណ្តាលមកពីការថមថយសេដ្ឋកិច្ចសកល និងអតិផរណារ៉ាំរ៉ៃ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងពីការធ្លាក់ចុះដោយសារជំងឺរាតត្បាត ដោយបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ២២ឆ្នាំគឺ ៨,៧ភាគរយក្នុងឆ្នាំ២០២២ ប៉ុន្តែចក្ខុវិស័យសម្រាប់ឆ្នាំនេះមានភាពអួរអាប់ដោយការថមថយតម្រូវការពិភពលោក។

នៅក្នុងឯកសារដែលបានចេញផ្សាយរួមជាមួយនឹងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃពុធ ធនាគារកណ្តាលម៉ាឡេស៊ី Negara Malaysia (BNM) បានឱ្យដឹងថា ហានិភ័យចំពោះសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនៅតែមាន «តុល្យភាពល្អ» ដោយប្រទេសនេះរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីតម្រូវការក្នុងស្រុកដ៏រឹងមាំ ការបើកដំណើរការប្រទេសឡើងវិញរបស់ចិន ទីផ្សារការងារដែលមានភាពធន់ និងការងើបឡើងវិញរបស់វិស័យទេសចរណ៍។

ធនាគារកណ្តាល BNM បានឱ្យដឹងថា ធនាគារនៅម៉ាឡេស៊ីនៅតែមានមូលធនគ្រប់គ្រាន់ ហើយការប្រែប្រួលខ្លាំងនាពេលថ្មីៗនេះនៅក្នុងវិស័យធនាគារពិភពលោកបានជះឥទ្ធិពលតិចតួចលើទីផ្សារហិរញ្ញវត្ថុរបស់ប្រទេស។

ធនាគារកណ្តាលនេះបានឱ្យដឹងថា៖ «(ធនាគារកណ្តាល BNM) នៅតែមានការប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតមានពីវិស័យធនាគារពិភពលោកទៅកាន់ទីផ្សារហិរញ្ញវត្ថុក្នុងស្រុក»។ ធនាគារ BNM បានបន្តថា អតិផរណាត្រូវបានព្យាករថាមានអត្រាជាមធ្យមរវាង ២,៨ភាគរយទៅ ៣,៨ភាគរយនៅឆ្នាំ២០២៣ នេះ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕