(ភ្នំពេញ)៖ លោក គឹម សេរីរដ្ឋ អគ្គលេខាធិការរង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋាគ្រប់គ្រ ងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារនៃក្រសួងទេសចរណ៍ បានបង្ហាញពីសារៈសំខាន់ដល់សហគ្រិន ឬម្ចាស់អាជីវកម្មភោជនីយដ្ឋាន ដែលទើបចាប់ផ្ដើមបើកដំណើរការភោជនីយដ្ឋាន ឬកំពុងចង់បោះជំហានចូលក្នុងវិស័យភោជនីដ្ឋាន គឺចាំបាច់ត្រូវយល់ដឹងពីកាតព្វកិច្ច ចុះបញ្ជីអាជីវកម្មភោជនីយដ្ឋាន។

លោកបានបន្ថែមថា ដើម្បីផ្ដល់ភាពងាយស្រួល ឆាប់រហ័សក្នុងការចុះបញ្ជីនានា សមាគមភោជនីដ្ឋានកម្ពុជា បានបោះពុម្ពសៀវភៅមួយក្បាលក្រោមចំណងជើងថា ចុះបញ្ជីអាជីវកម្មភោជនីយដ្ឋាន ត្រឹមរយៈពេល៨ថ្ងៃ ដែលជាសៀវភៅដ៏មានសារៈសំខាន់ បំផុតសម្រាប់អ្នកបើកអាជីវកម្មភោជនីយដ្ឋាន។

សមាគមភោជនីដ្ឋានកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅ ស្ដីពីកាតព្វកិច្ច ចុះបញ្ជីអាជីវកម្មភោជនីយដ្ឋាននៅកម្ពុជា ក្រោមការចូលរួមពីមន្រ្ដីតាមក្រសួងនានារួមមាន៖ ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។

សៀវភៅស្ដីពីកាតព្វកិច្ច ចុះបញ្ជីអាជីវកម្មភោជនីយដ្ឋាននៅកម្ពុជានេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មភោជនីយដ្ឋានទាំងខ្នាតតូច, មធ្យម, ខ្នាតធំ ឬអ្នកគ្រោងនឹងបើកអាជីវកម្មភោជនីយដ្ឋាននេះ។

សៀវភៅស្ដីពីកាតព្វកិច្ច ចុះបញ្ជីអាជីវកម្មភោជនីយដ្ឋាននៅកម្ពុជា ត្រូវបានរៀបចំឡើងដោយក្រុមការងារ នៃសមាគមភោជនីយដ្ឋានកម្ពុជា ក្នុងឆ្នាំ២០២៣ ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធ នឹងការចុះបញ្ជីអាជីវកម្មភោជនីយដ្ឋាននៅកម្ពុជា ដើម្បីសម្រួលជូនដល់អ្នកអានសៀវភៅនេះ ត្រូវបានរៀបរៀងជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។

លោក គឹម សេរីរដ្ឋ បានថ្លែងថា «សៀវភៅនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្មភោជនីយដ្ឋានទាំងអស់ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា បានផ្ដល់នូវចំណេះដឹងដល់សហគ្រិន ក្នុងការធ្វើអាជីវកម្មភោជនីដ្ឋានទាំងខ្នាតតូច ធំ មធ្យមជាដើម។ សៀវភៅនេះបានបង្ហាញពីសារៈសំខាន់ ដល់សហគ្រិន ឬម្ចាស់អាជីវកម្មភោជនីយដ្ឋាន ចាំបាច់ត្រូវយល់ដឹង ពីកាតព្វកិច្ចចុះបញ្ជីអាជីវកម្មភោជនីយដ្ឋាន និងបានពន្យល់យ៉ាងលម្អិតពីព័ត៌មានផ្សេងៗ ដែលម្ចាស់អាជីវកម្មចាំបាច់ត្រូវមាន និងយល់ដឹង»

លោកបានបន្ថែមថា សូមវាយតម្លៃខ្ពស់ចំពោះការរៀបចំសម្ពោធសៀវភៅ ស្ដីពីកាតព្វកិច្ច ចុះបញ្ជីអាជីវកម្មភោជនីយដ្ឋាននៅកម្ពុជា និងស្នើឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីអាចឲ្យសាធារណជនបានយល់ដឹងកាន់តែប្រសើរ។

សៀវភៅណែនាំនេះ រៀបរាប់យ៉ាងក្បោះក្បាយ តាមដំណាក់កាលនីមួយៗ អំពីនីតិវិធីនៃការចុះបញ្ជីអាជីវកម្មភោជនីយដ្ឋាន និងបែបបទនៃការស្នើសុំវិញ្ញាបនបត្រ អាជ្ញាបណ្ណឬ/និង លិខិតអនុញ្ញាតិ ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចរួមមាន៖ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ (អគ្គស្នងការនគរបាលជាតិ) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង អាជ្ញាអជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ក៏ដូចជាផ្សព្វផ្សាយបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ ដើម្បីធានាបាននូវការប្រកបអាជីវកម្មភោជនីយដ្ឋាន អនុលោមតាមច្បាប់នៃកម្ពុជា។

សមាគមភោជនីយដ្ឋានជឿជាក់ថា ស្នាដៃមួយនេះនឹងចូលរួមចំណែកលើកកម្ពស់អនុលោមភាពច្បាប់ ជាពិសេសវប្បធម៌ ចុះបញ្ជីអាជីវកម្មក្នុងសង្គមកម្ពុជា ដើម្បីធានាបរិស្ថានធុរកិច្ចសមធម៌មួយ ដែលជាផ្នែកមិនអាចខ្វះបាន ក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ នៃយុទ្ធសាស្រ្តចតុ-កោណរបស់រដ្ឋាភិបាល។

សៀវភៅនេះត្រូវបានរៀបចំជាពិសេស សម្រាប់សហគ្រិន ពាណិជ្ជករ ម្ចាស់អាជីវម្ម ឬសហគ្រាស ដែលចង់ចាប់ផ្តើមអាជីវកម្ម ភោជនីយដ្ឋានលើកដំបូង និងម្ចាស់សហគ្រាសភោជនីយដ្ឋានដែលកំពុងដំណើរការស្រាប់ អាចទទួលបាននូវចំណេះបន្ថែម ក៏ដូចជាជ្រួតជ្រាបអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលបានធ្វើវិសោធនកម្មជាបន្តបន្ទាប់៕