(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យម្ចាស់សហគ្រាសធុនតូច និងមធ្យម និងម្ចាស់អាជីវកម្មទាំងអស់នៅកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាឱ្យបានកាន់តែច្រើន ក្នុងការស្វែងរក និងពង្រីកទីផ្សារ​ ដើម្បីឱ្យការលក់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងជួយលើកស្ទួយនូវចំណេះដឹងរបស់សហគ្រាសទាំងនោះ ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផងដែរ។

​ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលស្តីពី «ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា» នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលមានប្រសាសន៍ថា ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងធ្វើឱ្យ​ម្ចាស់អាជីវកម្ម​មានឱកាសច្រើន​ ក្នុងការស្វែងរកអតិថិជនគោលដៅ ដែលចាប់អារម្មណ៍លើផលិតផល និងសេវាកម្មរបស់ខ្លួន​។ ហេតុដូច្នេះហើយនឹងធ្វើឱ្យលក់របស់ពួកគេកាន់តែដាច់ និងដំណើរការបានល្អជាងមុន។

លោកបន្តថា ការស្វែករកទីផ្សារបានផ្លាស់ទៅរកបរិបទថ្មី ពោលគឺបានផ្លាស់ទៅរកបណ្តាញសង្គម ដែលធ្វើឱ្យការផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាពដោយសារមនុស្សភាគច្រើន បានចំណាយយ៉ាងច្រើនជាមួយនឹងទូរសព្ទដៃ ​ខណៈអ្នកប្រើប្រាស់បណ្តាញសង្គម នៅកម្ពុជាបច្ចុប្បន្ននេះ ​មានប្រមាណ១៥លាននាក់។ ​

​​លោកមានប្រសាសន៍ថា «នៅលើបណ្តាញសង្គម ​យើងគ្រាន់តែកំណត់ថា​ អតិថិជនយើងចង់បានពីអាយុប៉ុន្មាន ជាអ្នកដែលចូលចិត្តអី ហ្វេសប៊ុកនឹងផ្តល់ជាសំណូមពរទៅដល់អ្នកប្រើប្រាស់ អ៊ីចឹងហើយវាមានប្រសិទ្ធភាពកាន់តែខ្លាំងជាងមុន អាចឱ្យយើងលក់ដាច់ជាងមុន ហើយចំណាយលុយតិចជាងមុន»។

ដើម្បីជួយលើកស្ទួយនូវចំណេះដឹង​ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដល់ម្ចាស់សហគ្រាសនៅកម្ពុជា គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ និងក្រុមហ៊ុន METE បានសហការរៀបចុះវគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា»​ សម្រាប់ម្ចាស់សហគ្រាសដោយឥតគិតថ្លៃ។

កម្មវិធីបណ្តុះបណ្តាល​ ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា គឺជាកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៨ សប្តាហ៍​។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំក្នុងគោលបំណងសំខាន់ៗ ចំនួន ៤៖ (១) បង្កើនការយល់ដឹងទូលំទូលាយពីការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងតួនាទីរបស់វានៅក្នុងបរិយាកាសអាជីវកម្មនាពេលបច្ចុប្បន្ន, (២) បង្កើនជំនាញ និងចំណេះដឹងចាំបាច់ក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាពខ្ពស់, (៣) យល់ដឹងអំពីរបៀបបង្កើត និងរៀបចំមាតិកាដែលមានគុណភាពខ្ពស់ និងទាក់ទាញ ដែលស្របតាមគោលដៅប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន, និង (៤) យល់ដឹងអំពីរបៀបបង្កើត និងចូលរួមជាមួយសហគមន៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម។

វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងចំនួន២លើក ក្នុងឆ្នាំ២០២៣ ដែលលើកទី១ គឺចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២៣ និងលើកទី២ គឺចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ ទៅដល់សហគ្រាសសរុបចំនួន១០០ ក្នុងការកសាងបណ្តាញទំនាក់ទំនង និងការអភិវឌ្ឍចំណេះដឹង និងជំនាញទីផ្សារឌីជីថលនៅក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

​លោកបណ្ឌិត ហេង ភក្តី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META លើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ នឹងជួយគាំទ្រ និងកសាងសមត្ថភាពម្ចាស់សហគ្រាស ជាពិសេសអ្នកធ្វើទីផ្សារ ឱ្យពួកគេចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យដំណើរការអាជីវកម្មល្អប្រសើរ និងបង្កើនចំណូល។

លោកលើកទឹកចិត្តដល់ម្ចាស់សហគ្រាស​ធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់ចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីទាញប្រយោជន៍ពីបណ្តាញសង្គម ក្នុងការពង្រីកទីផ្សាររបស់ខ្លួន។

លោកបានឱ្យដឹងថា កន្លងមកក្រុមហ៊ុន META ក៏បានសហការជាមួយអង្គការសង្គមស៊ីវិល​ រៀបចំវគ្គបណ្តុះបណ្តាលចំនួន៣ឆ្នាំ ដោយផ្តោតទៅលើសហគ្រិនជាស្រ្តីពីរបៀបធ្វើអាជីវកម្ម និងការធ្វើទីផ្សារតាមឌីជីថល ដោយបានបណ្តុះបណ្តាលដល់សហគ្រិនស្រី្តប្រមាណ៤០០០រូប​ ​មកដល់បច្ចុប្បន្ននេះ​៕