(ញូវយ៉ក)៖ ភាគហ៊ុននៅអាមេរិករបស់ក្រុមហ៊ុន Alibaba Group Holding Ltd. បានឡើងថ្លៃ ១៣% បន្ទាប់ពីក្រុមហ៊ុនពាណិជ្ជកម្មអនឡាញរបស់ចិនមួយនេះបានប្រកាសពីផែនការបំបែកការគ្រប់គ្រងអាជីវកម្មនានាស្ថិតក្រោមក្រុមហ៊ុនដែលមានតម្លៃ ២២០ពាន់លានដុល្លារនេះទៅជាអង្គភាពអាជីវកម្មចំនួន៦។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ការបំបែកការគ្រប់គ្រងអាជីវកម្មទាំងនេះគឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំមួយដែលអាចនឹងមានឈានទៅរកការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) មួយចំនួនផងដែរ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការផ្លាស់ប្តូរនេះនឹងជួយឱ្យមានការបំបែកអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Alibaba ទៅជាអង្គភាពអាជីវកម្មផ្សេងៗរាប់ចាប់ពីអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយ រហូតដល់អាជីវកម្មខ្លោដ ដើម្បីដំណើរការកាន់តែមានស្វ័យភាព ដែលនឹងបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ការបំបែកខ្លួនទាំងស្រុង និងបោះផ្សាយលក់មូលបត្រជាសារណៈលើកដំបូង (IPO) នាពេលអនាគត។

ភាគហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន Alibaba បានឡើងថ្លៃខ្ពស់រហូតដល់ ៩៧,១៦ដុល្លារក្នុងមួយហ៊ុននៅក្នុងការជួញដូរនៅដើមវគ្គជួញដូរនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ។

ការប្រកាសរបស់ក្រុមហ៊ុន Alibaba កាលពីថ្ងៃអង្គារនេះ កើតមានឡើងស្របពេលគ្នាទៅនឹងការវិលត្រឡប់របស់មហាសេដ្ឋីលោក Jack Ma ដែលសហស្ថាបនិករបស់ខ្លួនទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីរស់នៅក្រៅប្រទេសអស់រយៈពេលជាងមួយឆ្នាំ។

ក្នុងផែនការបំបែកការគ្រប់គ្រងនេះ លោក Daniel Zhang នាយកប្រតិបត្តិក្រុមហ៊ុន Alibaba នឹងដឹកនាំអាជីវកម្មផ្នែក Cloud Intelligence Group ដែលការកើនឡើងតួនាទីបច្ចេកវិទ្យា AI នឹងដើរតួក្នុងផលប័ត្រអាជីវកម្មរបស់ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមួយនេះក្នុងរយៈពេលវែង។ លោក Zhang នឹងនៅតែបន្តដឹកនាំក្រុមហ៊ុនមេ Alibaba ដដែល។

លោក Jiang Fan ប្រធានពាណិជ្ជកម្មអន្តរជាតិ នឹងដឹកនាំអង្គភាពអាជីវកម្ម Global Digital Commerce Group ខណៈដែលលោកស្រី Trudy Dai ដែលមន្រ្តីប្រតិបត្តិជាយូរមកហើយនោះ នឹងកាន់កាប់ផ្នែកលក់ទំនិញអនឡាញ Taobao Tmall។ ផ្នែកអាជីវកម្មផ្សេងទៀតរបស់ក្រុមហ៊ុន Alibaba រួមមានសេវាកម្មក្នុងស្រុកដូចជាសេវាដឹកជញ្ជូនអាហារ Local Services Group ក្រុមដឹកជញ្ជូន Cainiao Smart Logistics Group និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងកម្សាន្ត Digital Media and Entertainment Group ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Zhang ខណៈបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅគម្រប់ខួប ២៤ឆ្នាំ ក្រុមហ៊ុន Alibaba កំពុងស្វាគមន៍ឱកាសថ្មីសម្រាប់ការរីកចម្រើន។ ទីផ្សារគឺជាការធ្វើតេស្តដ៏ល្អបំផុត ហើយក្រុមអាជីវកម្ម និងក្រុមហ៊ុននីមួយៗអាចបន្តការប្រមូលប្រាក់ និងបោះផ្សាយ IPOs ដោយឯករាជ្យ នៅពេលដែលក្រុមហ៊ុនអាជីវកម្មទាំងនោះត្រៀមខ្លួនរួចរាល់»៕