(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានព្រមាននៅដើមសប្តាហ៍នេះថា កំណើនសេដ្ឋកិច្ចសកលជាមធ្យមនឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលបីទសវត្សរ៍ គឺ ២,២ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣០ ដែលឈានទៅដល់រយៈពេលមួយហៅថា “មួយទសវត្សរ៍ដែលបាត់បង់” សម្រាប់សេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះជាយ៉ាងណា ធនាគារ WB បានឱ្យដឹងទៀតថា ដើម្បីជៀសផុតពីផលវិបាកនេះ លុះត្រាតែអ្នកបង្កើតគោលនយោបាយអនុម័តគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតាក្នុងការជំរុញការផ្គត់ផ្គង់កម្លាំងពលកម្ម ផលិតភាព និងការវិនិយោគ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកនេះថា ការខកខានក្នុងការបង្វែរការធ្លាក់ចុះដ៏ទូលំទូលាយដែលរំពឹងថានឹងកើតមានចំពោះកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នេះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់ពិភពលោកក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយភាពក្រីក្រ។

របាយការណ៍ដដែលនេះឱ្យដឹងទៀតថា ប៉ុន្តែកិច្ចប្រឹងប្រែងរួមគ្នាក្នុងការជំរុញការវិនិយោគក្នុងវិស័យនានាប្រកបដោយនិរន្តរភាព កាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម ទាញយកប្រយោជន៍ពីកំណើនសេវាកម្ម និងពង្រីកការចូលរួមកម្លាំងពលកម្ម អាចជំរុញកំណើនផលិតផលក្នុងស្រុកសរុបចំនួនរហូតដល់ ០,៧ពិន្ទុភាគរយដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនដល់ ២,៩ភាគរយ។

លោក Indermit Gill ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានមានប្រសាសន៍ថា៖ «រយៈពេលមួយទសវត្សរ៍ដែលបាត់បង់នេះអាចកើតមានចំពោះសេដ្ឋកិច្ចពិភពលោក»។ លោកបានបន្ថែមថា គោលនយោបាយដែលជំរុញការងារ បង្កើនផលិតភាព និងការបង្កើនល្បឿននៃការវិនិយោគអាចជួយបញ្ច្រាស់ស្ដារនិន្នាការនេះបាន។

របាយការណ៍ដដែលបានបន្តថា វិបត្តិត្រួតស៊ីគ្នាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរួមទាំងជំងឺរាតត្បាតកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានបញ្ចប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពដែលបានកើតមានក្នុងរយៈពេលជិតបីទសវត្សរ៍មកនេះ ថែមទាំងបង្កើតឱ្យមានការព្រួយបារម្ភអំពីការថយចុះផលិតភាព ដែលមានសារៈសំខាន់សម្រាប់កំណើនប្រាក់ចំណូល និងការដំឡើងប្រាក់ឈ្នួល។

ជាលទ្ធផល កំណើន ផ.ស.ស ជាមធ្យមដែលអាចកើតមាន ត្រូវបានមើលឃើញថាកំពុងធ្លាក់ចុះមកត្រឹម ២.២ភាគរយនៅចន្លោះពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ធៀបនឹងកំណើន ២,៦ភាគរយនៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២១ ហើយធ្លាក់ចុះជិតមួយភាគបីធៀបនឹងអត្រា ៣,៥ភាគរយដែលទទួលបាននៅចន្លោះពីឆ្នាំ២០០០ដល់ឆ្នាំ២០១០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕