(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ដោយប្រកាសពីការរួមគ្នា ពីការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត្ត ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនានេះ។

សេចក្តីប្រកាសព័ត៌មានកត់សម្គាល់ថា កន្លងមកនេះ ការប្រើប្រាស់ទម្រង់ស្ដង់ដានៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចមួយចំនួន មិនអាចផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយនៃកិច្ចសន្យាដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ឡើយ។ ទម្រង់ស្ដង់ដានៃកិច្ចសន្យាមួយចំនួន បានបង្កប់នូវខ្លឹមសារនិងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។ ខសន្យាមិនសុចរិត ទាំងនោះមានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលខុសត្រូវ របស់បុគ្គលធ្វើធុរកិច្ចលើការ ធានាលើទំនិញ និង/ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ច អាចកែប្រែឬផ្លាស់ប្តូរចំណុច សំខាន់ណាមួយលើប្រភេទ បរិមាណតម្លៃ និងគុណភាពនៃទំនិញនិង/ឬសេវា ឬកែប្រែខសន្យាសំខាន់ៗ នទម្រង់ស្តង់ដានៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹង និងការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្តល់សិទ្ធិឱ្យបុគ្គល ធ្វើធុរកិច្ចអាចបកស្រាយដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិ របស់បុគ្គលធ្វើធុរកិច្ច។

ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម បានរៀបចំប្រកាស ស្ដីពីខសន្យាមិនសុចរិត សំដៅការពារ ផលប្រយោជន៍អ្នកប្រើប្រាស់ ទប់ស្កាត់ការបង្កើតទម្រង់ស្ដង់ដា នៃកិច្ចសន្យាដែលមិនសុចរិត និងមានលក្ខណៈកេងចំណេញពីអ្នកប្រើប្រាស់។ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានសហការ ជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «ច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ និង ប្រកាសស្តីពី ខសន្យាមិនសុចរិត» ជូនអ្នកចូលរួមចំនួន១៧០នាក់ មកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅកម្ពុជា។

ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមខ្លឹមសារនៃច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិន សុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែងប្រកបដោយតម្លាភាព។

ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា សូមអំពាវនាវដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់ អាចរាយការណ៍ពាក់ព័ន្ធនឹងអំពើកេងយក ចំណេញហួសហេតុ ដោយកើតចេញពីការបង្កើតនូវទម្រង់ស្តង់ដានៃកិច្ចសន្យា ដែលមិនសុចរិតពីបុគ្គលធ្វើធុរកិច្ចមក អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ៕