(ដេត្រយ)៖ ក្រុមហ៊ុន General Motors Co (GM) កំពុងធ្វើការងារលើការដាក់បញ្ចូលកម្មវិធីបញ្ញាសប្បនិម្មិត ChatGPT ទៅក្នុងរថយន្តរបស់ខ្លួន ដើម្បីធ្វើជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ខ្លួនជាមួយក្រុមហ៊ុន Microsoft Corp។

លោក Scott Miller អនុប្រធាន GM បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសមួយកាលពីសប្តាហ៍មុនថា៖ «ChatGPT នឹងក្លាយទៅជាអ្វីគ្រប់យ៉ាង»។

លោក Miller បានថ្លែងថា ប្រព័ន្ធជំនួយការឌីជីថល ChatGPT អាចត្រូវបានប្រើប្រាស់ដើម្បីទទួលបានព័ត៌មានអំពីរបៀបប្រើប្រាស់កម្មវិធី និងមុខងារពិសេសរបស់យានយន្តដែលជាធម្មតាព័ត៌មានទាំងនោះមាននៅក្នុងសៀវភៅណែនាំយានយន្ត មុខងារកម្មវិធីនានាដូចជាលេខកូដទ្វារហ្ការ៉ាស់ ឬកាលវិភាគដែលត្រូវបានរួមបញ្ចូលគ្នាពីប្រតិទិនជាដើម។

អ្នកនាំពាក្យក្រុមហ៊ុន GM បានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រថា៖ «ការផ្លាស់ប្តូរនេះមិនមែនគ្រាន់តែជាសមត្ថភាពតែមួយដូចទៅនឹងការវិវត្តនៃការបញ្ជាដោយសំឡេងនោះទេ ប៉ុន្តែផ្ទុយទៅវិញមានន័យថា អតិថិជនអាចរំពឹងថា រថយន្តនាពេលអនាគតរបស់ពួកគេនឹងកាន់តែមានសមត្ថភាព និងមានភាពស្រស់ស្រាយជារួមនៅពេលនិយាយអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើន»

ព័ត៌មាននេះត្រូវបានរាយការណ៍ជាលើកដំបូងដោយគេហទំព័រ Semafor ដែលបានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះកំពុងធ្វើការងារលើជំនួយការផ្ទាល់ខ្លួននិម្មិតដែលប្រើបច្ចេកវិទ្យាបញ្ញាសប្បិនិម្មិត (AI) ដែលជាបច្ចេកវិទ្យាគាំទ្រកម្មវិធី ChatGPT។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Microsoft បានប្រកាសពីការវិនិយោគរាប់ពាន់លានដុល្លារទៅលើមជ្ឈមណ្ឌលស្រាវជ្រាវ OpenAI ដែលជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធី ChatGPT និងបាននិយាយថា ក្រុមហ៊ុនមានគោលបំណងបន្ថែមបច្ចេកវិទ្យាជំនួយការឌីជីថលនេះទៅក្នុងផលិតផលទាំងអស់របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕