(សិង្ហបុរី)៖ អង្គការ Apec បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករថានឹងកើនឡើង ៣,១% នៅឆ្នាំនេះ មុនពេលថមថយចុះមករក ២,៩% វិញនៅឆ្នាំ២០២៤ ដោយសារហានិភ័យធ្លាក់ចុះបន្តដាក់សម្ពាធដល់ការស្ទុះងើបឡើងវិញនេះសេដ្ឋកិច្ច។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយអង្គភាពគាំទ្រគោលនយោបាយ (PSU) នៃអង្គការ Apec ថា កំណើនផលិតផលក្នុងស្រុកសរុបក្នុងតំបន់នេះនឹងកើនឡើងពីកំណើន ២,៦% កាលពីឆ្នាំមុន ដូចដែលបានត្រូវបានព្យាករក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF។

នៅឆ្នាំនេះ សេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងត្រូវបានជំរុញដោយឱកាសវិជ្ជមាននានាដូចជាការបើកចំហរព្រំដែន និងអាជីវកម្មឡើងវិញ ក៏ដូចជាការកើនឡើងការប្រើប្រាស់ឯកជនជាដើម។

របាយការណ៍ដដែលនេះបានបង្ហាញថា ហានិភ័យធ្លាក់ចុះនានាដូចជាអតិផរណា ការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ និងបញ្ហាភូមិសាស្ត្រនយោបាយនឹងមានឥទ្ធិពលមធ្យមលើសេដ្ឋកិច្ច។

នៅឆ្នាំ២០២២ អតិផរណានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានអត្រា ៥,៨% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីពេលកើតមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ មកនៅពេលដែលអតិផរណាឡើងដល់កម្រិត ៦,៦%។

អង្គការ PSU ប៉ាន់ប្រមាណថា អតិផរណាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងធ្លាក់ចុះដល់ ៣,៩% នៅឆ្នាំនេះ មុនពេលធ្លាក់ចុះបន្ថែមទៀតដល់ ២,៧% នៅឆ្នាំ២០២៤។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕