(ប៉េកាំង)៖ ប្រទេសចិនកាលពីថ្ងៃអាទិត្យបានប្រកាសទិសដៅកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ខណៈសភាប្រជាជនចិន (NPC) បានចាប់ផ្តើមសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួនដែលត្រៀមនឹងអនុវត្តការរុះរើរដ្ឋាភិបាលដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមកាសែត Channel News Asia។

នៅក្នុងរបាយការណ៍បើកកិច្ចប្រជុំមួយ រដ្ឋាភិបាលចិនបានឱ្យដឹងថា ខ្លួននឹងកំណត់ទិសដៅសម្រាប់កំណើនសេដ្ឋកិច្ច «ប្រហែល ៥ភាគរយ» សម្រាប់ឆ្នាំ២០២៣នេះ ដែលជាអត្រាទាបបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ប្រទេសចិនសម្រេចបានកំណើនសេដ្ឋកិច្ចត្រឹមតែ ៣ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន ដោយមិនអាចសម្រេចបានតាមទិសដៅរបស់ខ្លួនដែលមានប្រហែល ៥,៥ភាគរយឡើយដោយសារស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពតានតឹងក្រោមឥទ្ធិពលនៃគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩ដ៏តឹងរ៉ឹង និងវិបត្តិអចលនទ្រព្យ។

នៅក្នុងរបាយការណ៍ការងាររបស់លោក លោកនាយករដ្ឋមន្ត្រី លី ឃឹឈាំង (Li Keqiang) ដែលនឹងចាកចេញពីតំណែង បានសង្កត់ធ្ងន់លើតម្រូវការស្ថិរភាពសេដ្ឋកិច្ច និងការពង្រីកការប្រើប្រាស់ ដោយកំណត់គោលដៅបង្កើតការងារនៅទីក្រុងប្រហែល ១២លាននៅឆ្នាំនេះ កើនឡើងពីទិសដៅកាលពីឆ្នាំមុនដែលមានតែ ១១លាននាក់។

លោកនាយករដ្ឋមន្ត្រី លី បានកំណត់ទិសដៅឱនភាពថវិកានៅ ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលកើនឡើងពីទិសដៅប្រហែល ២,៨ភាគរយកាលពីឆ្នាំមុន។

ទិសដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះប្រហែល ៥ភាគរយមានកម្រិតទាបការរំពឹងទុក ខណៈដែលប្រភពនានាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនាពេលកន្លងមកថា ទិសដៅកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់អាចមានរហូតដល់ ៦ភាគរយ។ ទិសដៅឆ្នាំ២០២៣នេះ ទាបជាងទិសដៅកាលពីឆ្នាំមុនដែលមានប្រហែល ៥,៥ភាគរយ។ នេះបើយោងតាមកាសែត Channel News Asia៕