(ភ្នំពេញ)៖ ប្រៃសណីយ៍កម្ពុជាជាសហគ្រាសសាធារណៈ បាននឹងកំពុងធ្វើទំនើបកម្មលើសេវាប្រៃសណីយ៍ និងការដឹកជញ្ជូនអីវ៉ាន់បញ្ញើ ដើម្បីប្រកួតប្រជែងជាមួយសេវាឯកជន និងជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់សេវាបញ្ញើកញ្ចប់អីវ៉ាន់ ដែលទទួលបាននូវសុវត្ថិភាព និងលឿនរហ័ស ខណៈបច្ចុប្បន្ននេះ ប្រៃសណីយ៍កម្ពុជានឹងចាប់ផ្តើមផ្តោតកាន់តែខ្លាំងទៅសេវាបញ្ញើឆាប់រហ័សនៅក្នុងស្រុក។

លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាពេលបច្ចុប្បន្ននេះ ប្រៃសណីយ៍កម្ពុជាបាននឹងកំពុងធ្វើទំនើបកម្មនូវសេវាកម្មរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា តាមរយៈការធ្វើកំណែទម្រង់ ដោយកាត់បន្ថយការបំពេញការងារដោយដៃ ជំនួសមកវិញនូវការបំពេញការងារបែបពាក់កណ្តាលស្វ័យប្រវត្តិ ឬស្វ័យប្រវត្តិ។ ជាមួយគ្នានេះ ប្រៃសណីយ៍កម្ពុជាក៏បានធ្វើទំនើបកម្មមជ្ឈមណ្ឌលផ្លាស់ប្តូរបញ្ញើ ដើម្បីធ្វើឱ្យប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងជំរុញឱ្យល្បឿននៃការដឹកជញ្ជូនអីវ៉ាន់បញ្ញើកាន់តែលឿនរហ័សជាមុន។

ទន្ទឹមនឹងការធ្វើទំនើបកម្មនេះ ប្រៃសណីយ៍កម្ពុជា បានចាប់ផ្តើមផ្តោតកាន់តែខ្លាំងទៅសេវាបញ្ញើរហ័សនៅក្នុងស្រុក ព្រមទាំងសិក្សាតម្លៃឡើងវិញ ក្នុងគោលបំណងធ្វើឱ្យសេវាដឹកជញ្ជូនឥវ៉ាន់បញ្ញើ កាន់តែមានតម្លៃសមរម្យ មានគុណភាពល្អ សុវត្ថិភាព និងជឿទុកចិត្តបាន ដើម្បីប្រកួតប្រជែងទីផ្សារដឹកជញ្ជូន និងចែកចាយបញ្ញើនៅកម្ពុជា។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលយើងធានាជាមួយអតិថិជន គឺធានាពីពេលវេលា និងសុវត្ថិភាពបញ្ញើ។ ចំពោះបញ្ញើក្នុងស្រុក យើងតាំងចិត្ត និងបំពេញឱ្យបាននូវសេវាកម្មរហ័ស ពោលគឺចំពោះបញ្ញើនៅទីរួមខេត្ត ឬក្នុងក្រុង បើយើងទទួលពេលព្រឹក យើងនឹងចែកជូនពេលថ្ងៃ។ ចំពោះខេត្ត ឬស្រុក បើទទួលបានពេលថ្ងៃហ្នឹង ស្អែកយើងនឹងចែកជូនអតិថិជន។ ចំពោះការខូចខាតគឺយើងក៏មានលក្ខខណ្ឌធានាជូនអតិថិជនផងដងដែរ។ បំណងយើងគឺចែកឱ្យដល់ផ្ទះអតិថិជន មិនមែនពេលអីវ៉ាន់ទៅដល់ តេហៅគាត់មកយកនោះទេ»

ដោយឡែកចំពោះ សេវាបញ្ញើក្រៅប្រទេសវិញ ចាប់ពីខែមីនានេះ ប្រៃសណីយ៍កម្ពុជានឹងបើកបំរើសេវាបញ្ញើក្រៅប្រទេសឱ្យបានដល់ ៩០ ប្រទេសឡើងវិញ ខណៈបច្ចុប្បន្នមានត្រឹមតែ ២៨ ប្រទេសប៉ុណ្ណោះ។

​លោក ថេន សំវិសុទ្ធ មានប្រសាសន៍ថា បច្ចុប្បន្ននេះប្រៃសណីយ៍កម្ពុជា មានបម្រើសេវាកម្មដូចជា៖ បញ្ញើឯកសារ និងកញ្ចប់ឥវ៉ាន់ដែលមានទម្ងន់ក្រោម ២ គ.ក្រ, បញ្ញើប្រៃសណីយ៍ភ័ណ្ឌ (CP/Parcel Post) ,បញ្ញើប្រៃសណីយ៍ឆាប់រហ័ស (EMS)ទាំងក្នុង និងក្រៅប្រទេស, សេវាជួលរថយន្តសម្រាប់អតិថិជនទេសចរ និងសេវាជួលរថយន្តដឹកទំនិញ ជាដើម។

គួរជម្រាបថា កាលពីថ្មីៗនេះ ប្រៃសណីយ៍កម្ពុជាទើបតែទទួលបានម៉ាស៊ីនអ៊ិចរ៉េ (Rapiscan 928DX) សម្រាប់ស្កេនបញ្ញើរបែបទំនើប ដែលជាជំនួយរបស់សហភាពប្រៃសណីយ៍សកល ម៉ាស៊ីនមួយគ្រឿងនេះជាម៉ាស៊ីនដែលត្រូវបានដាក់អោយដំណើរការដំបូងគេនៅទ្វីបអាស៊ី បើតាមការបញ្ជាក់របស់អ្នកជំនាញ Rapiscan ដើម្បីជួយពិនិត្យនូវសុវត្ថិភាពទំនិញបញ្ញើទាំងក្នុង និងក្រៅប្រទេស និងទប់ស្កាត់នូវការក្លែងបន្លំការនាំចេញគ្រឿងញៀន។ តាមរយៈម៉ាស៊ីនទំនើបនេះ នឹងជំរុញឱ្យការផ្តល់សេវាកម្មរបស់ប្រៃសណីយ៍កម្ពុជាកាន់តែលឿន និងសុវត្ថិភាពជាងមុន។

បច្ចុប្បន្ននេះ ប្រៃសណីយ៍កម្ពុជាមានសាខាចំនួន ១១ ក្នុងរាជធានីភ្នំពេញ និង ៤៣ សាខា នៅតាមបណ្តាខេត្ត និងស្រុកនានានៅទូទាំងប្រទេស ដោយមានសេវាទទួលអតិថិជន៧ថ្ងៃក្នុងមួយសប្តាហ៍(ពីថ្ងៃចន្ទដល់អាទិត្យ) ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ ៥:៣០ ល្ងាច។ ចំណែកសាខាអ៊ីអនម៉លទន្លេបាសាក់ (Aeon 1), អ៊ីអនម៉លសែនសុខ (Aeon 2) និងអ៊ីអនម៉លមានជ័យ (Aeon 3) ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ១០:០០យប់៕