(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden នៅត្រីមាសទីមួយឆ្នាំ២០២២ បានអនុម័តអាជ្ញាប័ណ្ណចំនួន ១៩២អាជ្ញាប័ណ្ណដែលមានតម្លៃជាង ២៣ពាន់លានដុល្លារដើម្បីនាំចេញទំនិញ និងបច្ចេកវិទ្យាអាមេរិកទៅកាន់ក្រុមហ៊ុនចិនដែលស្ថិតក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមឯកសារដែលចេញផ្សាយដោយគណៈកម្មាធិការសភាសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អាជ្ញាប័ណ្ណចំនួន១៩២ ដែលត្រូវបានផ្តល់ ត្រូវបានអនុម័ត ស្ថិតក្នុងចំណោមពាក្យស្នើសុំអាជ្ញាប័ណ្ណចំនួន ២៤២ ដែលបានសម្រេចចិត្តនៅចន្លោះខែមករាដល់ខែមីនា ឆ្នាំ២០២២ ហើយអាជ្ញាប័ណ្ណចំនួន ១១៥ក្នុងចំណោមអាជ្ញាប័ណ្ណដែលត្រូវបានអនុម័ត រួមមានទាំងបច្ចេកវិទ្យាដែលស្ថិតក្រោមការគ្រប់គ្រង។

ឯកសារដដែលបានបង្ហាញទៀតថា ពាក្យស្នើសុំចំនួន១៩ ឬស្មើនឹង ៨ភាគរយនៃចំនួនពាក្យសុំសរុបត្រូវបានបដិសេធ ហើយពាក្យស្នើសុំអាជ្ញាប័ណ្ណចំនួន ៣១ ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនដែលដាក់ពាក្យសុំវិញដោយគ្មានចំណាត់ការ។

លោក Michael McCaul តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បានចេញផ្សាយតួលេខអាជ្ញាប័ណ្ណនេះកាលពីថ្ងៃសុក្រ បន្ទាប់ពីបានលើកឡើងនៅក្នុងសភាកាលពីថ្ងៃអង្គារថា អាជ្ញាប័ណ្ណដែលមានតម្លៃជាង ២៣ពាន់លានដុល្លារនេះត្រូវបានអនុម័តសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញទៅឱ្យក្រុមហ៊ុនដែលស្ថិតនៅក្រោម «បញ្ជីអង្គភាព (បញ្ជីខ្មៅ)» របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅក្នុងត្រីមាសទីមួយឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោក McCaul បានហៅការអនុម័តនោះថាមិនអាចទទួលយកបាន។ លោកបានថ្លែងថា៖ «បច្ចេកវិទ្យាដ៏សំខាន់របស់សហរដ្ឋអាមេរិកនេះ នឹងធ្លាក់ដល់ដៃចិនដែលជួយដល់កិច្ចប្រឹងប្រែងយោធា និងកិច្ចប្រឹងប្រែងយកការណ៍របស់បក្សកុម្មុយនិស្តចិន»

លោកបន្ថែមថា ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) របស់ក្រសួងពាណិជ្ជកម្មអាមេរិក «ត្រូវតែ និងអាចធ្វើកិច្ចការបន្ថែមទៀត»

ក្រសួងពាណិជ្ជកម្មអាមេរិកបានការពារការសម្រេចចិត្តរបស់ខ្លួន។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «រាល់អាជ្ញាប័ណ្ណដែលមាននៅក្នុងទិន្នន័យនេះ ដែលពាក់ព័ន្ធជាចម្បងនឹងការនាំចេញបច្ចេកវិទ្យាកម្រិតទាប ... និងទំនិញផ្សេងៗទៀតដែលមិនបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខជាតិ ... ត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់»។ ក្រសួងបានពន្យល់ថា ការសម្រេចចិត្តធ្វើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រសួងការពារជាតិ និងក្រសួងថាមពល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕