(ក្រុងឡុងដ៍)៖ ចក្រភពអង់គ្លេសបានឱ្យដឹងនៅថ្ងៃពុធថា ខ្លួននឹងបន្តអនុវត្តវិធានការប្រឆាំងការលក់បង្ហូចថ្លៃលើដែកឆ្អឹងបេតុង (reinforcement steel) របស់ចិន បន្ទាប់ពីអាជ្ញាធរដោះស្រាយពាណិជ្ជកម្ម (TRA) បានលុបចោលអនុសាសន៍របស់ខ្លួនឱ្យទម្លាក់ចោលវិធានការនេះ ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អាជ្ញាធរ TRA កាលពីឆ្នាំមុនបានផ្តល់អនុសាសន៍ថា វិធានការដែលបានអនុវត្តតាំងពីឆ្នាំ២០១៦មកនោះគួរតែត្រូវបានបញ្ចប់ដោយសារមានតម្រូវការខ្ពស់នូវដែកឆ្អឹងបេតុងពីវិស័យសំណង់របស់ចក្រភពអង់គ្លេស និងការធ្លាក់ចុះការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី បេឡារុស្ស និងអ៊ុយក្រែន។ អាជ្ញាធរ TRA បានឱ្យដឹងថា ការបន្តអនុវត្តវិធានការនេះនឹងធ្វើឱ្យតម្លៃកើនឡើងខ្ពស់ និងធ្វើឱ្យខូចខាតសេដ្ឋកិច្ច។

ប៉ុន្តែកាលពីថ្ងៃពុធសប្តាហ៍នេះ ស្ថាប័នរដ្ឋាភិបាលមួយនេះបានឱ្យដឹងថា ទិន្នន័យថ្មីបង្ហាញថាការនាំចូលពីប្រទេសផ្សេងទៀតកំពុងបំពេញការខ្វះខាតក្នុងការផ្គត់ផ្គង់ដែកប្រភេទនេះ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Nigel Huddleston រដ្ឋមន្ត្រីក្រសួងធុរកិច្ច និងពាណិជ្ជកម្មអង់គ្លេសដែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចក្រភពអង់គ្លេសចង់ផ្តល់អាទិភាពដល់ «ការការពារដែកថែបរបស់ចក្រភពអង់គ្លេសពីការប្រកួតប្រជែងមិនស្មើភាព»

លោកបានមានប្រសាសន៍ថា៖ «ការសម្រេចចិត្តនេះនឹងជួយដល់ឧស្សាហកម្មដែកថែបជាយុទ្ធសាស្ត្ររបស់យើង ដែលគាំទ្រដល់ការងាររាប់ម៉ឺននាក់ ដើម្បីរក្សាការប្រកួតប្រជែង»

កាលពីសប្តាហ៍មុន ក្រុមហ៊ុន British Steel ដែលជាកម្មសិទ្ធិរបស់ចិនបានឱ្យដឹងថា ខ្លួននឹងកាត់បន្ថយការងារចំនួន ២៦០កន្លែងដោយសារការផលិតដែកនៅចក្រភពអង់គ្លេសមិនមានលក្ខណៈប្រកួតប្រជែង។

ការបន្តការអនុវតពន្ធប្រឆាំងការលក់បង្ខូចថ្លៃនេះដែលអនុញ្ញាតឱ្យប្រទេសមួយចាត់វិធានការប្រឆាំងនឹងទំនិញដែលបានលក់ក្នុងតម្លៃទាបជាងតម្លៃធម្មតារបស់ពួកគេ ដំណើរការរហូតដល់ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕