(ក្រុងអូស្ទីន)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla Inc នឹងលក់រថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីទាញយកប្រយោជន៍ពីកំណើនតម្រូវការរថយន្តអគ្គិសនីនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីដែលបានចេញផ្សាយកាលពីថ្ងៃពុធបន្ទាប់ពីអនុម័តពាក្យស្នើសុំរបស់ក្រុមហ៊ុន Tesla សុំនាំចូលរថយន្តអគ្គិសនីថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោកមហាសេដ្ឋី Elon Musk នឹងបង្កើតការិយាល័យ ដាក់ដំណើរការមជ្ឈមណ្ឌលផ្តល់សេវាកម្ម និងបង្កើតបណ្តាញបញ្ចូលថាមពលអគ្គីសនីនៅក្នុងប្រទេសម៉ាឡេស៊ី។

ម៉ាឡេស៊ីកំពុងផ្តោតលើការអភិវឌ្ឍប្រព័ន្ធអេកូស៊ីរថយន្តអគ្គិសនី និងបានផ្តល់ការលើកទឹកចិត្តនានា ដើម្បីជំរុញការប្រើប្រាស់រថយន្តប្រភេទនេះ។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះមានគោលដៅឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី រួមទាំងរថយន្តកូនកាត់ចំនួន ១៥% នៃបរិមាណរថយន្តសរុបនៅឆ្នាំ២០៣០។

ក្រុមហ៊ុន Fitch Solutions បានឱ្យដឹងកាលពីខែមុនថា ខ្លួនរំពឹងថា ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសម៉ាឡេស៊ីនឹងកើនឡើង ៨២% នៅឆ្នាំ២០២៣ ទោះបីជាធៀបនឹងមូលដ្ឋានប្រៀបធៀបទាបដែលមានតែប្រហែល ៥ ៨៤០គ្រឿងក៏ដោយ។

ការលើកទឹកចិត្តនានាដែលរួមមានទាំងការលើកលែងពន្ធលើការនាំចូលរថយន្តអគ្គិសនីទាំងមូល បានទាក់ទាញក្រុមហ៊ុនផលិតរថយន្តនានាឱ្យទៅវិនិយោគនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន BYD របស់ប្រទេសចិនកាលពីខែធ្នូបានឱ្យដឹងថា ខ្លួននឹងនាំចូលរថយន្តម៉ូដែល Atto 3 ដ៏ទំនើបរបស់ខ្លួន និងរថយន្តដែលអាចបើកបរបានរយៈចម្ងាយឆ្ងាយជាងនេះទៅកាន់ប្រទេសនេះ។ ក្រុមហ៊ុន Mercedes-Benz AG របស់អាល្លឺម៉ង់កាលពីខែមុនបានដាក់បង្ហាញរថយន្តអគ្គិសនី ដែលផលិតនៅក្នុងប្រទេសម៉ាឡេស៊ីជាងលើកដំបូងរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕