(បាងកក)៖ ប្រាក់បាតថៃទំនងជានឹងឡើងថ្លៃវិញក្នុងចម្លោះតម្លៃពី ៣៣ ទៅ ៣៤ បាតក្នុងមួយដុល្លារអាមេរិកនៅចុងឆ្នាំ២០២៣ ដោយសារប្រាក់ដុល្លារអាចធ្លាក់ចុះថ្លៃវិញក្នុងរយៈពេលប្រាំមួយខែខាងមុខ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍រាយការណ៍កាលពីថ្ងៃពុធថា រូបិយប័ណ្ណថៃត្រូវបានជួញដូរជាង ៣៥បាតក្នុងមួយដុល្លារកាលពីថ្ងៃអង្គារ ដោយប្រែប្រួលចន្លោះពី ៣៥,១៥ ដល់ ៣៥,៣៨បាតក្នុងមួយដុល្លារក្នុងគ្រាដែលមានការព្រួយបារម្ភជាបន្តអំពីការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ ក្រុមអ្នកវិភាគបានឱ្យដឹងថា ប្រាក់បាតស្ថិតនៅក្រោមសម្ពាធពីលំហូរចេញមូលធនពីទីផ្សារភាគហ៊ុន និងផ្សារបំណុលថៃក្នុងគ្រាដែលប្រាក់ដុល្លារឡើងថ្លៃ។

ប្រាក់បាតបានធ្លាក់ចុះ ៥,២ភាគរយនៅឆ្នាំនេះ។

ការឡើងថ្លៃរយៈពេលខ្លីនៃប្រាក់ដុល្លារគឺជាកត្តាមួយដែលចូលរួមចំណែកដល់ការធ្លាក់ថ្លៃរយៈពេលខ្លីរបស់ប្រាក់បាត រួមជាមួយនឹងអតិរេកគណនីចរន្តតិចតួចរបស់ប្រទេសថៃ។

ទោះជាយ៉ាងណា លោក Sornchai Suneta អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន SCB CIO បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា អតិរេកសមតុល្យគណនីចរន្តរបស់ប្រទេសថៃទំនងជាកើនឡើងក្នុងរយៈពេលមធ្យមទៅរយៈពេលវែង ដោយសារវិស័យទេសចរណ៍នៅតែបន្តស្ទុះងើបឡើងវិញ។

រូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងឡើងថ្លៃក្នុងរយៈពេលខ្លី ដែលបណ្តាលឱ្យប្រាក់បាតធ្លាក់ចុះថ្លៃ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានបង្ហាញពីសញ្ញាបន្តប្រយុទ្ធប្រឆាំងនឹងអតិផរណាតាមរយៈការដំឡើងអត្រាការប្រាក់។

ក្រុមហ៊ុន SCB CIO រំពឹងថា ធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់លើកចុងក្រោយនៅក្នុងខែឧសភា ដោយធ្វើឱ្យអត្រាការប្រាក់របស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំនេះកើនឡើងដល់ ៥,២៥%។

លោក Sornchai បានមានប្រសាសន៍ថា៖ «បន្ទាប់ពីការដំឡើងអត្រាការប្រាក់នេះ ប្រាក់ដុល្លារអាមេរិកអាចចាប់ផ្តើមធ្លាក់ចុះថ្លៃវិញក្នុងរយៈពេលមធ្យមទៅរយៈពេលវែង ដែលរំពឹងថានឹងមានរយៈពេលយូរជាងប្រាំមួយខែ»

លោក Sornchai បានបន្ថែមថា ក្រុមហ៊ុន SCB CIO ព្យាករថា ប្រាក់បាតនឹងឡើងថ្លៃវិញអត្រា ៣៣ ទៅ ៣៤បាតក្នុងមួយប្រាក់ដុល្លារនៅចុងឆ្នាំ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕