(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃនៅដើមសប្តាហ៍នេះបានអនុម័តគម្រោងធានាប្រាក់ចំណូលកៅស៊ូសម្រាប់រដូវកាលឆ្នាំ២០២២-២០២៣ ដោយសន្យាថានឹងចំណាយប្រាក់ ៧,៦ពាន់លានបាត (ប្រហែល ២១៨,៧៦ដុល្លារអាមេរិក) សម្រាប់ឆ្នាំទី៤ នៃគំនិតផ្តួចផ្តើមនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សម្ដីលោក Nakorn Tangavirapat ប្រធានអាជ្ញាធរកៅស៊ូថៃថា គម្រោងនេះនឹងគ្របដណ្តប់លើកសិករកៅស៊ូចំនួន ១,៦លាននាក់ ដែលមានផ្ទៃដីដាំកៅស៊ូចំនួន ១៨,២លានរ៉ៃ (ប្រហែល ២,៩១លានហិចតា)។

ក្នុងចំណោមកសិករដែលមានសិទ្ធិទទួលបានថវិកាពីគម្រោងនេះសរុប កសិករចំនួន ១,៣៧លាននាក់គឺជាម្ចាស់ចំការ និងកសិករប្រវាស់ ហើយកសិករដែលនៅសល់ផ្សេងទៀតគឺជាអ្នកចៀរជ័រ។

គ្រោងការណ៍ធានាប្រាក់ចំណូលសម្រាប់កសិករនេះផ្តល់ប្រាក់ប៉ះប៉ូវជូនកសិករប្រសិនបើតម្លៃទីផ្សារកៅស៊ូធ្លាក់ចុះក្រោមតម្លៃគោល។

កសិករត្រូវបានផ្តល់ជូនការធានាតម្លៃអតិបរមា ៦០បាតក្នុងមួយគីឡូក្រាមសម្រាប់បន្ទះកៅស៊ូឆៅ ៥៧បាតក្នុងមួយគីឡូក្រាមសម្រាប់ជ័រទឹក និង ២៣បាតក្នុងមួយគីឡូក្រាមសម្រាប់ដុំជ័រ ដោយកំណត់ឱ្យត្រឹមតែ ២៥រ៉ៃក្នុងមួយគ្រួសារ។ អ្នកចៀរជ័រកៅស៊ូមានសិទ្ធិទទួលបាន ៤០% នៃតម្លៃ ដោយម្ចាស់ទទួលបាន ៦០%។

លោក Nakorn ប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «គម្រោងនេះមានគោលបំណងជួយកសិករកៅស៊ូក្នុងអំឡុងពេលតម្លៃកៅស៊ូប្រែប្រួលថ្លៃខ្លាំង។ រដ្ឋាភិបាលព្រួយបារម្ភអំពីកសិករ និងផ្តល់អាទិភាពក្នុងការជួយពួកគេ ដូច្នេះហើយបានជារដ្ឋាភិបាលផ្តល់ជូនគម្រោងនេះ»

លោកបានបន្តថា បីដំណាក់ (រដូវកាល) ដំបូងនៃគម្រោងនេះដែលចំណាយថវិកាសរុបចំនួន ៤៦,៧ពាន់លានបាត បានជួយកាត់បន្ថយផលប៉ះពាល់នៃបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចលើកសិករកៅស៊ូ។ ដំណាក់កាលទី៤ នៃគម្រោងនេះនឹងផ្តល់ជូនកសិករកៅស៊ូចាប់ពីខែនេះតទៅ។ នេះបើយោងតាមកាសែតបាងប៉ុស្តិ៍៕