(ភ្នំពេញ)៖ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហាញសុទិដ្ឋិនិយមថា តម្លៃភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាអង្គភាពរបស់រដ្ឋចុះបញ្ជីក្នុងផ្សារភាគហ៊ុន នឹងកើនឡើងបន្ថែមទៀតលើតម្លៃបច្ចុប្បន្ន ​​ខណៈរដ្ឋាករទឹក​បានខិតខំពង្រីកជាបន្តបន្ទាប់ នូវប្រព័ន្ធផលិតកម្ម និងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ។​

លោកបន្ថែមថា បច្ចុប្បន្ននេះសមត្ថភាពផលិត និងអាជីវកម្មក៏ដូចជាការផ្គត់ផ្គង់ទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានកើនឡើងបានឡើងគួរ​ឱ្យកត់សម្គាល់ ដែលអាចទាក់ទាញនូវវិនិយោគិន ក្នុងផ្សារភាគហ៊ុនសំឡឹងទិញភាគហ៊ុននេះ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលគេលេងនៅក្នុងផ្សារភាគហ៊ុន គេនឹងមើលការគ្រប់គ្រងនូវវិស័យទឹកស្អាត តាមដែលខ្ញុំតាមដានមើល គឺកើនឡើងបណ្តើរៗហើយ ​ដោយឥលូវនេះកើនដល់ ៨០០០រៀលក្នុងប៉ុន្មានអាទិត្យនេះ ហើយខ្ញុំជឿថានៅខែមេសា នឹងឡើងថែមទៀត ក្រោយពីរដ្ឋាករទឹក នឹងប្រកាសនូវរបាយការណ៍ប្រាក់ចំណូល និងប្រាក់ចំណេញ ដែលទទួលស្គាល់ដោយសវនកម្មខាងក្រៅ។ ហេតុនេះខ្ញុំជឿថា នៅដើមខែមេសានេះ តម្លៃហ៊ុននឹងកើនឡើងថែមទៀត»

លោកបញ្ជាក់បន្ថែមថា បើទោះជាយ៉ាងតម្លៃហ៊ុនមានទំនោរកើនឡើងក្តី ប៉ុន្តែរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនទាន់មានគម្រោងក្នុងការបោះផ្សាយភាគហ៊ុនលក់បន្ថែមនោះទេ ដោយករណីនេះស្ថិតក្រោម សម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមលោក ឡុង ណារ៉ូ ទឹកប្រាក់ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានពីទីផ្សារភាគហ៊ុននាពេលកន្លងមក បានទៅសងធនាគារពិភពលោករួចហើយ ក្នុងចំនួនប្រមាណជិត ៣០លានដុល្លារអាមេរិក។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា តម្លៃភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រែប្រួលឡើងចុះជាប្រចាំ តែក្នុងទំនោរកើនឡើង​ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ​បន្ទាប់ពីមានទំនោរធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០១៧​ ​ដោយមកដល់បច្ចុប្បន្ននេះ បានកើនឡើងមួយទ្វេជាបី ​ឬក្នុងកម្រិត២.៧ដង។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ តម្លៃហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកើនឡើងក្នុងរង្វង់ ៨០០០រៀលក្នុងមួយហ៊ុន ខណៈកាលពីឆ្នាំ២០១៧ បានធ្លាក់ចុះរហូតដល់ក្រោម ៣០០០រៀលក្នុងមួយហ៊ុន។

លោកលើកឡើងថា ​ការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីវាយតម្លៃជាថ្មីរបស់វិនិយោគិនទៅលើភាគហ៊ុនមួយនេះ ក៏ដូចជាទំនោរកើនឡើងនៃទីផ្សារ​ ដែល​ចាប់ផ្តើមមានភាគហ៊ុនកាន់តែច្រើន ​និងមានវិនិយោគិនជាច្រើននៅក្នុងទីផ្សារ។

លោកបន្តថា «ពិតមែនតែវាមានការឡើងចុះៗប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ​ តែក្នុងទំនោរកើនឡើង។​ ក្នុងទំនោរខាងមុខ ជាធម្មតាទេ នៅពេលដែលទីផ្សាររបស់យើងកាន់តែសកម្ម មានវិនិយោគិនកាន់តែច្រើន ហេតុនេះតម្លៃទីផ្សារក៏មានទំនោរកើនឡើងទៅតាមនោះដែរ ​នេះបើតាមបទពិសោធន៍កន្លងមក។ បើសិនជាសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន មានសមត្ថភាពផលិតកម្ម និងសមត្ថភាពលក់កើនឡើង អ៊ីចឹងចំណូលក៏កើនឡើង តម្លៃភាគហ៊ុនក៏គួរតែឆ្លុះបញ្ចាំងនៃប្រាក់ចំណូល និងចំណេញផងដែរ ព្រោះសម្រាប់ថ្លៃហ៊ុន ដែលសំខាន់ជាងគេ ក្នុងការកំណត់នូវការសម្រេចចិត្តទិញលក់ គឺអាស្រ័យទៅលើកំណើននៃអាជីវកម្មនេះឯង»

សូមជម្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាអង្គភាពរបស់រដ្ឋដែល បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាមុនដំបូងគេ តាំងពីខែមេសា ឆ្នាំ២០១២ ក្នុងទំហំប្រមាណ២០លានដុល្លារអាមេរិក ។​

​នៅឆ្នាំ២០២៣នេះ ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាត ប្រមាណ ៦៦០ពាន់ ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅដល់អតិថិជនចំនួន៤៥ម៉ឺន​គ្រួសារ។​ នៅខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហ៊ាន១ នឹងដាក់ឱ្យដំណើរការ ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកនៅប៉ែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ។ ដោយឡែកគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខណៈរដ្ឋាភិបាលក៏កំពុងគិតគូរក្នុងការពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣បន្ថែមទៀតផងដែរ៕