(កូឡុំបូ)៖ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីស្រីលង្កាបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាបានអនុម័តនីតិវិធីពន្លឿននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះជាមួយប្រទេសបង់ក្លាដែសដែលជាអ្នកជិតខាងអាស៊ីខាងត្បូងរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីអ្នកនាំពាក្យលោក Bandula Gunawardena ខណៈថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្ត្រីថា៖ «ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនានាគឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាល ហើយវាចាំបាច់ដែលក្រុមហ៊ុននាំចេញរបស់យើងទទួលបានការគាំទ្រដើម្បីធានាថា ស្រីលង្កាអាចងើបចេញពីវិបត្តិហិរញ្ញវត្ថុនេះ»

ថ្មីៗនេះ ប្រទេសស្រីលង្កាបានបង្កើតការិយាល័យពាណិជ្ជកម្មអន្តរជាតិមួយ ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលជាប់គាំងជាមួយចិន និងថៃ ក៏ដូចជាពង្រីកកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយប្រទេសឥណ្ឌា៕