(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បាននឹងកំពុងជំរុញ និងពន្លឿនការរៀបចំនូវបទបញ្ញត្តិ ស្តីពី គម្រោងវិនិយោគរួម ដើម្បីឱ្យក្រុមហ៊ុននានានៅកម្ពុជា ទទួលបានសាច់ប្រាក់សម្រាប់យកទៅវិនិយោគ។

លោក ស៊ូ​ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា និយ័តករមូលបត្រកម្ពុជាបាន ​និងកំពុង រៀបចំនូវសេចក្តីព្រាងបទបញ្ញត្តិមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់ ដើម្បីយកទៅធ្វើការវិនិយោគលើវិស័យផ្សេងៗ តាមរយៈគម្រោងវិនិយោគរួម។

​លោកបន្តថា និយ័តករមូលបត្រកម្ពុជា នឹងជំរុញដាក់នូវបទបញ្ញត្តិនេះ ទៅក្នុងការពិនិត្យ និងអនុម័ត ដោយក្រុមប្រឹក្សារបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងពេលឆាប់នេះៗខាងមុខនេះ។ នៅពេលដែលបទបញ្ញត្តិនេះ ទទួលបានការអនុម័ត និយ័តករមូលបត្រកម្ពុជា នឹង​ធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ​ដើម្បីបញ្ជាក់ថា ក្រុមហ៊ុនអាចចាប់ផ្តើមដំណើរការ ក្នុងការប្រមូលសាច់ប្រាក់ ក្នុងការវិនិយោគបាន។

លោករំពឹងថា គម្រោងនេះ​អាចនឹងដាក់ដំណើរការ នៅពាក់កណ្តាលឆ្នាំ២០២៣នេះ។

លោក ស៊ូ សុជាតិ បានឱ្យដឹងផងដែរថា មកទល់ពេលនេះ ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ឬអន្តរការី នៅក្នុងទីផ្សារគម្រោងវិនិយោគរួមមានចំនួន១០ហើយ ដែលរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនបានហ្វឹកហាត់ និងសិក្សាថា តើត្រូវដើរតួនាទីយ៉ាងម៉េចនៅក្នុងទីផ្សារ ដើម្បីឱ្យដំណើរការនេះ កាន់តែរលូន។

លោកបានបញ្ជាក់ថា សម្រាប់គម្រោងវិនិយោគរួម គឺក្រុមហ៊ុនទាំងអស់ ដែលត្រូវការ​សាច់ប្រាក់អាចទាក់ទងជាមួយក្រុមហ៊ុន ដែលគ្រប់គ្រងមូលនិធិ ឬក្រុមហ៊ុនអន្តរការី ដើម្បីឱ្យក្រុមហ៊ុនរៀបចំគម្រោងនៃការប្រមូលសាច់ប្រាក់ សម្រាប់ឱ្យក្រុមហ៊ុនយកទៅវិនិយោគបាន។

លោកបានគូសបញ្ជាក់បន្ថែមថា «ក្រុមហ៊ុនក្នុងវិស័យអីក៏បានដែរ ឱ្យតែត្រូវការ​សាច់ប្រាក់ ប៉ុន្តែគ្រាន់តែពេលប្រមូលសាច់ប្រាក់បានហើយ ក៏ត្រូវមានការនាំណែ ពីនិយ័តករមូលបត្រកម្ពុជា ដែលជាអាជ្ញាធរក្នុងការចង្អុលថា សាច់ប្រាក់ដែលប្រមូលបានត្រូវយកទៅដាក់វិនិយោគ យ៉ាងដូចម្តេច ដើម្បីធានាថាការវិនិយោគនេះ មានតម្លាភាព សណ្តាប់ធ្នាប់ និងយុត្តិធម៌សម្រាប់អ្នកដាក់សាច់ប្រាក់។ ព្រោះយើងអត់ធានាថា ដាក់ប្រាក់ហើយ​ យកទៅវិនិយោគ វិនិយោគហើយត្រូវតែចំណេញ គឺយើងអត់ធានាចំណុចហ្នឹងទេ ប៉ុន្តែយើងធានាថា អ្នកឯងដាក់សាច់ប្រាក់ជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណ ក្រុមហ៊ុនត្រូវមានបទដ្ឋានមួយ ដែលធានាបាននូវតម្លាភាពថា បើខាត ត្រូវមានអ្នកជំនាញមកបញ្ជាក់ថា ការវិនិយោគនេះបានខាត បើចំណេញប៉ុណ្ណា ក៏ត្រូវមានការបញ្ជាក់ឱ្យបានត្រឹមត្រូវ ពីអ្នកដែលមានជំនាញខាងផ្នែកហិរញ្ញវត្ថុ។ ហើយសាច់ប្រាក់ដែលទទួល ​មួយចំណែក​យើងនឹងចង្អុលឱ្យមានការអភិវឌ្ឍន៍ទីផ្សារមូលបត្រត្រឡប់ទៅវិញ»

លោកបានឱ្យដឹងផងដែរថា សម្រាប់ក្រុមហ៊ុនដែលកៀរគរមូលនិធិសម្រាប់វិនិយោគ ដោយមិនចុះបញ្ជីជាមួយនិយ័តករមូលបត្រកម្ពុជា ប្រសិនបើមានការប្តឹងតវ៉ា និយ័តករមូលបត្រកម្ពុជានឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

សូមបញ្ជាក់ថា ​គម្រោងវិនិយោគរួម (Collective Investment Scheme) គឺជាការកៀរគរមូលធន ឬសាច់ប្រាក់ពីសាធារណជន តាមរយៈការបោះផ្សាយលក់ឯកតាមូលនិធិ ឬតាមទម្រង់ផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដើម្បីបង្កើតជាមូលនិធិក្នុងទម្រង់ជាមូលនិធិសាធារណៈ មូលនិធិឯកជន ឬបរធនវិនិយោគអចលនវត្ថុ។

បន្ទាប់ពីបង្កើតបានមូលនិធិនេះ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិនឹងយកមូលនិធិនេះទៅប្រើប្រាស់ និងចាត់ចែងនៅក្នុងគម្រោងវិនិយោគរួមដែលទទួលបានការអនុញ្ញាតពី ន.ម.ក. ដើម្បីទទួលបានផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃណាមួយដែលអាចជាសិទ្ធិ ឬផលប្រយោជន៍លើទ្រព្យសម្បត្តិសម្រាប់វិនិយោគិនដែលបានចូលរួម។ ដូចនេះ វិនិយោគិន គឺជាអ្នកចូលរួមជាសាច់ប្រាក់ទៅក្នុងគម្រោង ហើយក្រុមហ៊ុនគ្រប់គ្រងមូលនិធិជាអ្នកវិនិយោគជំនួសឱ្យវិនិយោគិន៕