(ភ្នំពេញ)៖ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) និងសមាគមស្វាយចន្ទីវៀតណាម បានចុះអនុស្សារណៈយោគយល់ ក្នុងការទិញ-លក់គ្រាប់ស្វាយចន្ទីឆៅត្រង់ទៅក្រុមហ៊ុនកែច្នៃរបស់វៀតណាម ដើម្បីកាត់បន្ថយឈ្មួញកណ្តាល ដែលធ្វើឱ្យកសិករលក់ បានក្នុងតម្លៃល្អប្រសើរ។

ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងអំឡុងពេលសមាគមស្វាយចន្ទីកម្ពុជា បានដឹកនាំប្រតិភូចូលរួម ក្នុងពិធីបុណ្យចន្ទីប្រចាំឆ្នាំនៅវៀតណាម លើកទី១២ (Golden Cashew Randevous) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្ពុជាមានរោងចក្រកែច្នៃតិច ហេតុនេះត្រូវការការទិញគ្រាប់ឆៅក្នុងទំហំធំពីវៀតណាម។ ក្នុងការចុះ MOU នេះ វៀតណាមត្រូវការទិញគ្រាប់ស្វាយចន្ទីឆៅពីប្រមាណ ១លានតោនពីកម្ពុជា ក្នុងតម្លៃល្អ តាមគុណភាពគ្រាប់ ដែល MOU នេះ ធ្វើឡើងក្នុងរយៈពេល៣ឆ្នាំម្តង។​

លោកបានឱ្យដឹងបន្ថែមថា «វៀតណាមចង់ទិញផ្ទាល់ ដោយមិនចង់ឆ្លងកាត់ឈ្មួញកណ្តាល អ៊ីចឹងតម្លៃក៏ប្រសើរឡើងដែរ»

តែយ៉ាងនេះក្តី លោកថា កម្ពុជាមិនអាចមានលទ្ធភាពផ្គត់ផ្គង់ ដល់រោងចក្រកែច្នៃរបស់វៀតណាម តម្រូវការបញ្ជាទិញនោះទេ ដោយសារទិន្នផលស្វាយនេះចន្ទីឆ្នាំធ្លាក់ចុះ ព្រោះតែបញ្ហាប្រែប្រួលអាកាសធាតុ។

លោកបានបញ្ជាក់ថា នៅឆ្នាំនេះកម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដល់វៀតណាម ក្នុងបរិមាណពី ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោន។

លោកបានលើកឡើងថា «អាកាសធាតុមិនអំណោយផល ដូចការព្យាករនោះទេ ទិន្នផលស្វាយចន្ទី មិនទំនងជាប្រសើរជាងឆ្នាំ ២០២២ទេ។ មេឃមិនអំណោយផល ភ្លៀងធ្លាក់ដោយអន្លើ ធ្វើឱ្យចន្ទីគាំងក្តឹបខូចផ្កា។ សមាគមស្វាយចន្ទីកម្ពុជា សូមទម្លាក់ការព្យាករទិន្នផលចន្លោះ ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោន នាឆ្នាំ២០២៣នេះ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានថ្លែងថា នាពេលខាងមុខរាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយ ព្រោះថាបច្ចុប្បន្ននេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីស្រស់ ១លានតោន ដែលមិនទាន់កែច្នៃ។

សម្តេចបន្តថា រាជរដ្ឋាភិបាលកំពុងតែទាក់ទាញនូវអ្នកវិនិយោគ ដែលចូលមកកាន់ប្រទេស នូវគោលនយោបាយឧស្សាហកម្ម ខណៈសម្ដេចតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេស ឲ្យផ្ដោតការយកចិត្តទុកដាក់ សម្រាប់មកវិនិយោគនៅកម្ពុជា៕