​​(​ម៉ាឡេស៊ី)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងគណៈកម្មការមូលបត្រម៉ាឡេស៊ី (SCM) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្ត និងការត្រួតពិនិត្យផ្នែកច្បាប់ ឱ្យកាន់តែប្រសើរឡើងរវាងនិយ័តករទាំងពីរ

​ស្របទៅនឹងភាពរីកចម្រើន នៃសកលភាពវូបនីយកម្ម និងសកម្មភាពវិនិយោគឆ្លងដែនរបស់ឯកត្តបុគ្គល ឬនីតិបុគ្គលដែលស្ថិតក្រោមនិយ័តកម្ម របស់ប្រទេសទាំងពីរ។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ បានរៀបចំឡើងនៅគណៈកម្មការមូលបត្រម៉ាឡេស៊ី ប្រទេសម៉ឡេស៊ី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវបានចុះហត្ថលេខាដោយលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោក Seri Dr.Awang Adek Hussin ប្រធាន​SCM។

MOU នេះមានវិសាលភាពគ្របដណ្តប់លើកិច្ចគាំទ្រ ពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ឆ្លងដែន ការរៀបចំបទប្បញ្ញត្តិ និងការត្រួតពិនិត្យអន្តរការីទីផ្សារមូលបត្រ និងការសម្របសម្រួលព័ត៌មានអាជ្ញាបណ្ណ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ សម្រាប់កិច្ចការនិយ័តកម្មទីផ្សារ។

លោក Seri Dr.Awang Adek Hussin បានថ្លែងថា ខណៈពេលដែលការតភ្ជាប់រវាងទីផ្សារមូលធនអាស៊ាន មានការរីកចម្រើន ការបង្កើននូវកិច្ចសហប្រតិបត្តិការនិយ័តកម្ម គឺកាន់តែចាំបាច់។ MOU នេះ នឹងបង្កើនទំនាក់ទំនងទ្វេភាគីរវាងអាជ្ញាធរទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក នៅពេលយើងអភិវឌ្ឍន៍ និងគ្រប់គ្រងទីផ្សារមូលធនរៀងៗខ្លួន។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា ក្រោមក្របខណ្ឌនៃការចុះ MOU នេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរទាំងពីរមានតម្លៃធំធេងបង្ហាញពីទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត និងចែករំលែកនូវព័ត៌មានផ្សេងៗ ជាពិសេសពាក់ព័ន្ធខនឹងបទប្បញ្ញត្តិ និងការគ្រប់គ្រង។

លោ​កបន្ថែមថា «ទីផ្សាររបស់ប្រទេសទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកិច្ចសហប្រតិបត្តិការនេះ ដែលនឹងបង្កើតអត្ថប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជា និងប្រទេសជាតិរបស់យើង នៅក្នុងបរិការណ៍នៃសកលភាវូនីយកម្មទីផ្សារហិរញ្ញវត្ថុនេះ»​​