(ភ្នំពេញ)៖ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានបង្ហាញពីចក្ខុវិស័យក្នុងការផ្សព្វផ្សាយចំណេះដឹង ក៏ដូចជាបណ្ដុះបណ្ដាលធនធានមនុស្ស លេីវិស័យអចលនទ្រព្យ​នៅកម្ពុជា​ ឲ្យកាន់តែរីកចម្រើនបន្ថែម​ទៀត​ ដើម្បីបោះជំហាន​ ឬប្រកបអាជីវកកម្ម​ ក្នុងវិស័យនេះទទួលបានជោគជ័យ។

សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីសន្និបាតបូកសរុបការងារ និងរាត្រីជួបជុំ ដោយមានការចូលរួមពីលោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា, លោក កង សុវណ្ណថា ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងអ្នកចូលរួមជាច្រើនទៀត។

លោក ជូ វណ្ណៈ បានបង្ហាញពីការអបអរសារទរ ចំពោះការទទួលបានជោគជ័យ និងការខិតខំប្រឹងប្រែង របស់សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ដែលធ្វើយ៉ាងណាជំរុញឲ្យវិស័យអចលនទ្រព្យកាន់តែល្អប្រសើរឡើង។

លោកបានឲ្យដឹងថា គិតរហូតមកដល់ឆ្នាំ២០២២និយ័តករអាជីវកម្មអចលនវត្ថុ បានផ្ដល់អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ៣២៤ក្រុមហ៊ុន ក្រោមទុនវិនិយោគប្រហែលជា៨ពាន់លានដុល្លារ ផ្ដល់ដល់គម្រោងប្រភេទបុរីជាង២៧០គម្រោង, គម្រោងផ្ទះល្វែង ព្រមទាំងគម្រោងភូមិគ្រឹះជាច្រើនទៀត។

លោក កង​ សុវណ្ណថា បានថ្លែង សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាពេញមួយឆ្នាំ២០២២នេះ បានសម្រេចនូវលទ្ធផលមួយចំនួនដូចជា បានបើកវគ្គវាយតម្លៃអចលនវត្ថុ, វគ្គបញ្ជីស្នាមពន្ធដារ ការចែករំលែកនីតិវិធីនៃការរៀបចំក្រុមការងារ ដើម្បីទទួលគម្រោងលក់អចលនទ្រព្យផងដែរ។

លោកបានបន្ដថា «សមាគមអ្នកជំនាញអចលនទ្រព្យក្នុងឆ្នាំនេះ នឹងផ្ដោតលើការផ្សព្វផ្សាយអប់រំ លើវិស័យអចលនទ្រព្យ ច្បាប់និយ័តករ ច្បាប់ពន្ធដារ និតិវិធីលើវិស័យអចលនវត្ថុ និងការចូលរួមផ្សេងៗក្នុងវិស័យអចលនទ្រព្យឲ្យបានទូលំទូលាយ ដល់សមាជិក សមាជិការ និងសាធារណជនទូទៅ»

លោកឧកញ៉ា ឃាង ពុទ្ធី បានថ្លែងថា សន្និបាតបូកសរុបការងារ និងរាត្រីជួបជុំ របស់សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា
ធ្វើឡើងក្នុងគោលបំណងបូកសរុបការងារប្រចាំឆ្នាំ ដែលសមាគមបានធ្វើឡើងក្នុងរយៈពេលពេញមួយឆ្នាំ ក្នុងថ្ងៃនេះផងដែរសមាគមក៏បានបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។

លោកឧកញ៉ាបន្ដថា «ក្នុងឱកាសនេះសមាគមក៏បានលើកយកពីបញ្ហាប្រឈម និងផលលំបាក និងដំណោះស្រាយក្នុងវិស័យអចលនទ្រព្យ ដោយក្នុងនោះបានបន្ដពង្រឹង និងបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យអចលនទ្រព្យ ដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាបានរីកចម្រើនជាងនេះបន្ថែមមួយកម្រិតទៀត»