(បាងកក)៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃរំពឹងថានឹងកើនឡើង ៣,៨ភាគរយនៅឆ្នាំនេះដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលអតិផរណាគួរតែធ្លាក់ចុះទៅរកគោលដៅរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោករដ្ឋមន្ត្រី Arkhom Termpittayapaisith ខណៈថ្លែងក្នុងកម្មវិធីមួយរបស់វិទ្យុថៃថា ការចំណាយក្នុងស្រុកបានកើនឡើង ហើយរដ្ឋាភិបាលនឹងពន្លឿនការវិនិយោគគម្រោងធំៗដើម្បីជួយដល់កំណើនសេដ្ឋកិច្ច។

លោកមានប្រសាសន៍ថា ខណៈដែលការថមថយសេដ្ឋកិច្ចពិភពលោកប៉ះពាល់ដល់ការនាំចេញ «ទេសចរណ៍គឺជាក្តីសង្ឃឹមរបស់យើង»

ប្រទេសដែលមានសេដ្ឋកិច្ចធំទី២នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើង ២,៦ភាគរយកាលពីឆ្នាំមុនដែលទាបជាងការរំពឹងទុក និងទាបជាងប្រទេសផ្សេងទៀតក្នុងតំបន់ ខណៈដែលវិស័យទេសចរណ៍របស់ខ្លួនទើបតែចាប់ផ្តើមស្ទុះងើបឡើងវិញ។

ក្រសួងហិរញ្ញវត្ថុថៃបានព្យាករពីការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៧,៥លាននាក់នៅឆ្នាំនេះ បន្ទាប់ពីទទួលបានភ្ញៀវទេសចរខ្ពស់ជាងការព្យាករចំនួន ១១,១៥លាននាក់ក្នុងឆ្នាំ ២០២២។ កាលពីឆ្នាំ២០១៩ ថៃទទួលបានភ្ញៀវទេសចរបរទេសជិត ៤០លាននាក់។

លោក Arkhom បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅខែនេះថា កំណើនសេដ្ឋកិច្ចអាចកើនលើសការព្យាករ ដោយសារការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន។

លោកបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ការដំឡើងអត្រាការប្រាក់ណាមួយនឹងបង្កើនថ្លៃដើមរបស់អាជីវកម្ម និងបំណុលគ្រួសារ ខណៈដែលធនាគារកណ្តាលបានឱ្យដឹងថា ការដំឡើងអត្រាការប្រាក់នឹងបន្តទប់ស្កាត់តម្លៃទំនិញប្រើប្រាស់។

លោក Arkhom បានថ្លែងថា អតិផរណាគួរតែវិលត្រឡប់ទៅរកគោលដៅរបស់ធនាគារកណ្តាលដែលស្ថិតនៅចន្លោះពី ១ភាគរយទៅ ៣ភាគរយនៅឆ្នាំនេះ។ អតិផរណាកាលពីឆ្នាំមុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៤ឆ្នាំ គឺ ៦,០៨ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕