(បង់ហ្កាលូរុ)៖ ការជំរុញរបស់ប្រទេសឥណ្ឌាដែលជាប្រធានកិច្ចប្រជុំក្រុមប្រទេស G20 ឱ្យគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូកាលពីថ្ងៃសៅរ៍ទទួលបានការគាំទ្រពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងសហរដ្ឋអាមេរិក ខណៈក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុបានបញ្ចប់កិច្ចពិភាក្សារយៈពេល ២ថ្ងៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌាចង់ឱ្យមានកិច្ចប្រឹងប្រែងពិភពលោករួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហានានាដែលបង្កឡើងដោយរូបិយប័ណ្ណគ្រីបតូនានាដូចជា Bitcoin ជាដើម ហើយក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 បានរៀបចំសិក្ខាសាលាមួយសម្រាប់រដ្ឋជាសមាជិក G20 ដើម្បីពិភាក្សាពីរបៀបបង្កើតក្របខ័ណ្ឌទូទៅ។

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅខាងក្រៅកិច្ចប្រជុំរបស់ក្រុមប្រទេស G20 នៅទីក្រុង បង់ហ្កាលូរុ ប្រទេសឥណ្ឌា លោកស្រី Janet Yellen រដ្ឋមន្ត្រីរតនាគារអាមេរិកបានមានប្រសាសន៍ថា វាសំខាន់ណាស់ដែលត្រូវដាក់អនុវត្តក្របខ័ណ្ឌបទប្បញ្ញត្តិដ៏រឹងមាំមួយ ប៉ុន្តែលោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកមិនបានស្នើឱ្យមានការហាមឃាត់ទាំងស្រុងនោះទេ។

លោកស្រី Yellen បានមានប្រសាសន៍ថា៖ «យើងមិនបានស្នើឱ្យហាមឃាត់សកម្មភាពគ្រីបតូទាំងស្រុងនោះទេ ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការដាក់ដំណើរការក្របខ័ណ្ឌបទប្បញ្ញត្តិរឹងមាំមួយ។ យើងកំពុងធ្វើការជាមួយរដ្ឋាភិបាលផ្សេងទៀត»

កន្លងមក បន្ទាប់ពីធ្វើជាសហប្រធានក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman លោកស្រី Kristalina Gegorga អគ្គនាយកមូលនិធិរូបិយវត្ថអន្តរជាតិ (IMF) បានប្រាប់អ្នកយកព័ត៌មានថា ការហាមឃាត់រូបិយប័ណ្ណគ្រីបតូគួរតែជាជម្រើសមួយ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានជជែកដេញដោលគ្នាជាច្រើនឆ្នាំអំពីសេចក្តីព្រាងច្បាប់មួយស្តីពីការគ្រប់គ្រង ឬហាមឃាត់រូបបិយប័ណ្ណគ្រីបតូ ប៉ុន្តែមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។ ធនាគារកណ្តាលឥណ្ឌាបាននិយាយថា រូបិយប័ណ្ណគ្រីបតូគួរតែត្រូវបានហាមឃាត់ ដោយសារតែរូបិប័ណ្ណទាំងនេះមានលក្ខណៈស្រដៀងទៅនឹងគម្រោងបោកប្រាស់ Ponzi ដែរ។

កាលពីថ្ងៃព្រហស្បតិ៍ មូលនិធិ IMF បានដាក់ចេញផែនការសកម្មភាព ៩ចំណុចអំពីរបៀបដែលប្រទេសនានាគួរដោះស្រាយជាមួយនឹងទ្រព្យសម្បត្តិគ្រីបតូ។ មូលនិធិ IMF បានឱ្យដឹងថា កិច្ចប្រឹងប្រែងបែបនេះបានក្លាយជាអាទិភាពសម្រាប់អាជ្ញាធរនានាបន្ទាប់ពីមានការដួលរលំទីផ្សាររូបិយប័ណ្ណគ្រីបតូ និងទ្រព្យសកម្មគ្រីបតូមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕