(បង់ហ្កាលូរុ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ធនាគារកណ្តាលនានានៅទូទាំងពិភពលោកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់រហូតដល់អតិផរណាស្ថិតក្រោមការគ្រប់គ្រងយ៉ាងរឹងមាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោកស្រី Kristalina Georgieva ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងក្នុងកិច្ចសម្ភាសមួយនៅក្រៅជំនួបកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 នៅទីក្រុងបង់ហ្កាលូរុ ប្រទេសឥណ្ឌាថា៖ «ខ្ញុំចង់និយាយឱ្យច្បាស់លាស់ថា យើងមិនទាន់មើលឃើញអតិផរណាធ្លាក់ចុះទៅរកគោលដៅនៅឡើយទេ។ ធនាគារកណ្តាលនានាចាំបាច់ត្រូវបន្តវិធានការរបស់ខ្លួនទៅមុខទៀតរហូតដល់យើងមានប្រាកដថា ស្ថិរភាពតម្លៃកំពុងវិលត្រឡប់មកវិញ»

នៅពេលដែលមន្ត្រីធនាគារកណ្តាលជាច្រើនចាប់ផ្តើមបន្ធូរគោលនយោបាយនរបស់ពួកគេ អតិផរណានៅទូទាំងពិភពលោកនៅតែមានអត្រាខ្ពស់។ ដោយសារប្រទេសចិនបើកចំហរលឿងជាងការរំពឹងទុក លោកស្រី Gechieva នៅតែសង្ឃឹមថា ការប្រើប្រាស់ក្នុងស្រុកនៅចិននៅតែជាកត្តាជំរុញសម្រាប់សេដ្ឋកិច្ចពិភពលោក ដោយបង្កហានិភ័យតិចតួចចំពោះការកើនឡើងអតិផរណាបន្ថែមទៀត។

នៅសហរដ្ឋអាមេរិក សន្ទស្សន៍តម្លៃទំនិញដែលវាស់វែងការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនបានកើនឡើង ៥,៤ភាគរយនៅខែមករាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែ។ នៅអឺរ៉ុប អតិផរណាមូលដ្ឋានត្រូវបានព្យាករថានឹងមានអត្រា ៥,៣% ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន ហើយនៅតាមប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី រួមទាំងប្រទេសឥណ្ឌា និងអូស្រ្តាលី អតិផរណាស្នូលនៅតែមានអត្រាខ្ពស់ដដែល។

ប្រធានមូលនិធិ IMF រូបនេះបានបន្ថែមថា អាជ្ញាធរមិនគួរបន្ធូរបន្ថយគោលនយោបាយរបស់ពួកគេទេ ខណៈដែលស្ថិរភាពតម្លៃមានសារៈសំខាន់សម្រាប់វិនិយោគិន និងអ្នកប្រើប្រាស់ ដើម្បីរក្សាការចំណាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ច។

លោកស្រី Georgieva ថ្លែងថា បើទោះជាវត្តមានរបស់ប្រទេសចិននៅឆ្នាំនេះគឺជាការជំរុញមួយក៏ដោយ ក៏សង្គ្រាមរបស់រុស្ស៊ីនិងអ៊ុយក្រែន «នៅតែបង្កបញ្ហាយូរអង្វែងដល់សេដ្ឋកិច្ចពិភពលោក»

លោកស្រីមានប្រសាសន៍ថា៖ «នៅពេលយើងមានភាពមិនប្រាកដប្រជាដែលជះឥទ្ធិពលដល់វិនិយោគិន វាជះឥទ្ធិពលដល់សមត្ថភាពធ្វើឱ្យសេដ្ឋកិច្ចលូតលាស់។ ហើយពិតណាស់ សង្គ្រាមគួរឱ្យភ័យខ្លាចសម្រាប់ប្រជាជនអ៊ុយក្រែន។ វាគួរឱ្យភ័យខ្លាចណាស់សម្រាប់សេដ្ឋកិច្ចពិភពលោក»