(ហាងចូវ)៖ ក្រុមហ៊ុន Alibaba កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសខ្ពស់ជាងការរំពឹងទុក ដោយសារក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ចិនមួយនេះទទួលបានអត្ថប្រយោជន៍ពីការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដឥ១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន Alibaba បានជម្នះនឹងស្ថានភាពសេដ្ឋកិច្ចខ្សោយនៅក្នុងប្រទេសចិន ដែលកាលពីខែធ្នូឆ្នាំមុនបានលុបចោលគោលនយោបាយកូវីដសូន្យបន្ទាប់ពីបានអនុវត្តអស់រយៈពេលបីឆ្នាំ។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Alibaba បានកើនឡើង ២ភាគរយដល់ ២៤៧,៧៦ ពាន់លានយន់ (៣៥,៩២ពាន់លានដុល្លារ) សម្រាប់ត្រីមាសទី៣ នៃឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុនដែលបញ្ចប់នៅទី៣១ ខែធ្នូ ធៀបនឹងការព្យាកររបស់អ្នកវិភាគ ២៣នាក់ដែលធ្វើឡើងដោយក្រុមហ៊ុន Refinitivថាមានចំនួន ២៤៥,១៨ពាន់លានយន់។

ភាគហ៊ុននៅអាមេរិករបស់ក្រុមហ៊ុន Alibaba បានកើនឡើង ៦,១ភាគរយនៅក្នុងការជួញដូរមុនបើកទីផ្សារ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចចិនផ្សេងទៀតគឺក្រុមហ៊ុន Pinduoduo និងក្រុមហ៊ុន JD.com ត្រូវបានគេមើលឃើញថាបានកើនឡើងប្រហែល ៣ភាគរយ។

ការលក់រាយសរុបរបស់ប្រទេសចិនបានធ្លាក់ចុះ ១,៨ភាគរយនៅក្នុងខែធ្នូ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើង ៣ភាគរយក្នុងឆ្នាំ២០២២ ដែលជាអត្រាកំណើនសេដ្ឋកិច្ចទាបបំផុតរបស់ខ្លួនក្នុងរយៈពេលជិតកន្លះសតវត្ស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕