(បង់ហ្កាលូរុ)៖ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមការពិភាក្សាឡើងវិញជាមួយប្រទេសចិនអំពីបញ្ហាសេដ្ឋកិច្ច «នៅពេលសមស្រប» ប៉ុន្តែបន្តព្រមានទីក្រុងប៉េកាំងអំពីផលវិបាកនៃការរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នៅក្នុងសន្និសីទសារព័ត៌មានមួយមុនកិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 នៅទីក្រុងបង់ហ្កាលូរុ (Bengaluru) លោកស្រី Yellen ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានសារៈសំខាន់សម្រាប់ «ជាប្រយោជន៍ដល់ពិភពលោកទាំងមូល»

ជំនួបគ្នាមួយចំនួនរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងត្រូវបានផ្អាកបន្ទាប់ពីមានការបាញ់ទម្លាក់ពោងហោះឈ្លបយកការដែលសង្ស័យថាជាពោងរបស់ចិនដែលបានហោះអណ្តែតលើដែនអាកាសរបស់អាមេរិក ដែលបានបង្កឱ្យពេលវេលាដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសចិនដោយលោកស្រី Yellen និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken មិនមានភាពច្បាស់លាស់។

លោកស្រី Yellen បានថ្លែងថា លោកស្រីមិនមានព័ត៌មានលម្អិតណាមួយអំពីពេលវេលាធ្វើដំណើរទស្សនកិច្ចរបស់លោកស្រីដែលផ្តោតលើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ ប៉ុន្តែលោកស្រីបាននិយាយថា៖ «ខ្ញុំជឿថា យើងនឹងចាប់ផ្តើមការពិភាក្សាទាំងនោះឡើងវិញក្នុងពេលដ៏សមស្រប»

ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកលើរុស្ស៊ីជុំវិញសង្រ្គាមនៅអ៊ុយក្រែនវិញ លោកស្រី Yellen បានបញ្ជាក់ជាថ្មីនូវការព្រមានរបស់ក្រុងវ៉ាស៊ីនតោន។

លោកស្រីបានថ្លែងថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្តល់ជំនួយជាសម្ភារៈដល់រុស្ស៊ី ឬជំនួយប្រភេទណាមួយដែលគេចវេសពីទណ្ឌកម្មជាប្រព័ន្ធ នឹងក្លាយជាកង្វល់ដ៏ធ្ងន់ធ្ងរសម្រាប់ពួកយើង»។ លោកស្រីបន្ថែមថា៖ «យើងនឹងបញ្ជាក់ឱ្យច្បាស់លាស់ទៅដល់រដ្ឋាភិបាលចិន និងក្រុមហ៊ុន និងធនាគារដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ពួកគេនូវអ្វីដែលជាច្បាប់ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់យើង និងផលវិបាកធ្ងន់ធ្ងរដែលពួកគេនឹងប្រឈមបើរំលោភលើការដាក់ទណ្ឌកម្មទាំងនោះ»