(បង់ហ្កាលូរុ)៖ ទេសាភិបាលធនាគារកណ្តាលជប៉ុនបានឱ្យដឹងថា ធនាគារកណ្តាលមានបំណងរក្សាគោលនយោបាយរូបិយវត្ថុបង្កើនការផ្គត់ផ្គងសាច់ប្រាក់នៅដដែល ហើយកម្មវិធីជំនួយថាមពលរបស់រដ្ឋាភិបាលជប៉ុននឹងជួយទប់ស្កាត់អតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Haruhiko Kuroda ទេសាភិបាលធនាគារកណ្តាលជប៉ុនខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯកិច្ចប្រជុំក្រុមប្រទេស G20 នៅសប្តាហ៍នេះថា លោករំពឹងថាអតិផរណានឹងមានអត្រាទាបជាង ២ភាគរយសម្រាប់សារពើពន្ធឆ្នាំ២០២៣ និងសារពើពន្ធឆ្នាំ២០២៤។ លោកបន្ថែមថា ប្រទេសជប៉ុនលែងស្ថិតក្នុងស្ថានភាពបរិត្តផរណាទៀតហើយ។

លោក Kuroda បានថ្លែងថា ដោយសារតម្លៃទំនិញនាំចូលបានធ្លាក់ចុះ ជំនួយផ្នែកថាមពលរបស់រដ្ឋាភិបាលជប៉ុននឹងជួយទប់ទល់អតិផរណា។

ប្រទេសឥណ្ឌាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រទេស G20 នៅទីក្រុងមជ្ឈមណ្ឌលបច្ចេកវិទ្យា Bengaluru។

លោក Kuroda បានបន្ថែមថា ក្រុមប្រទេស G7 ជឿជាក់ថា សេដ្ឋកិច្ចពិភពលោកនៅតែល្អប្រសើរជាងការរំពឹងទុក។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយប្រទេសជប៉ុន ដែលជាប្រធានបច្ចុប្បន្នរបស់ក្រុមប្រទេស G7 បានឱ្យដឹងថា ក្រុមប្រទេស G7 បានបង្កើនការគាំទ្រផ្នែកសេដ្ឋកិច្ចរបស់ពួកគេដល់អ៊ុយក្រែនដល់ទៅ ៣៩ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ ហើយបានជំរុញឱ្យមានការផ្តល់ជូនកម្មវិធីមូលនិធិ IMF សម្រាប់ប្រទេសនេះនៅចុងខែមីនា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕