(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តហៃណាន) ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម, ការរវិនិយោគ ក៏ដូចជាផ្ដល់ឱកាសដល់វិនិយោគិន បានជួបពិភាក្សាគ្នាដោះដូរការវិនិយោគជាដើម។

វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក Shen Danyang អភិបាលរងខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន រួមទាំងវិនិយោគិនកម្ពុជា-ចិនជាច្រើនរូបផងដែរ។

លោក សុខ សុភ័ក្រ្ដ បានថ្លែងថា ប្រទេសចិនត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថា ជាក្បាលម៉ាស៊ីនក្នុងការទាញឲ្យមានកំណើន ដោយសារតែចិនបានបើកប្រទេសទទួលការនាំចូល ជាមួយការទទួលយកផលិតកម្មផ្សេងៗទាំងនាំចេញ និងនាំចូល។ កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន លើកិច្ចការជាច្រើនទាក់ទងនឹងពាណិជ្ជកម្មដូចជា បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ឯកជនកម្ពុជា ៩ទីតាំងនៅតាមទីក្រុងធំៗមួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន។

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកប
ដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរកម្ពុជា-ចិន។

លោក សុខ សុភ័ក្រ្ដ បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគី ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិន ក្នុងឆ្នាំ២០២១
សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១ ១៩៤លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិនជាង ១ ៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ៩ ៦៨៤លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ៣៨% បើធៀបនឹងឆ្នាំ២០២០»។

លោកបានបន្ថែមថា សូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល វិនិយោគិន ធុរជន និងប្រជាជនចិន តែងតែគាំទ្រ ដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

លោករដ្ឋលេខាធិការបានអំពាវនាវដល់ធុរជន និងអ្នកវិនិយោគចិន ដែលមិនទាន់បានមកកម្ពុជា សូមមកសិក្សាស្វែងយល់ ពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីភាពអនុគ្រោះដែលកម្ពុជាមាន។

លោកក៏សូមប្រកាសស្វាគមន៍ការវិលត្រលប់មកវិញនៃធុរជន និងវិនិយោគិនចិន ដើម្បីប្រកបអាជីវកម្មនៅកម្ពុជាឱ្យបាន
ច្រើនកុះករ លើសពីអំឡុងពេលមុនមានការផ្ទុះជំងឺកូវីដ-១៩។ សូមធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន
ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ពិសេសគឺកម្ពុជាកំពុងមានសុខសន្តិភាព មានសន្តិសុខ
ល្អ និងស្ថិរភាពនយោបាយ ព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយ
ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព៕