(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា, គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (UNESCAP) និងវិទ្យាស្ថានកំណើនបៃតងសាកលប្រចាំប្រទេសកម្ពុជា (GGGI) ​បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងគ្នា (MOA) ស្តីពីការផ្តល់ជំនួយបច្ចេកទេស និងកិច្ចគាំទ្រលើការអភិវឌ្ឍសញ្ញាបណ្ណបៃតង សញ្ញាប័ណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាពនៅកម្ពជា ដើម្បីជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុននៅកម្ពុជា ឱ្យបោះផ្សាយសញ្ញាបណ្ណបៃតង។​

ថ្លែងពិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងគ្នា (MOA) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា MOA នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីភ្ជាប់ និងបង្កើនកិច្ចសហការបន្ថែមទៀត រវាងភាគីទាំងបី ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តភាព ដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់អង្គការ​សហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០៣០ តាមរយៈយន្តការទីផ្សារមូលបត្រ។ ​

លោកបន្តថា តាមរយៈMOA នេះ UNESCAP និង GGGI នឹងផ្តល់ជំនួយបច្ចេកទេស ដល់ក្រុមហ៊ុនដែលមានបំណងបោះផ្សាយសញ្ញាបណ្ណបៃតង ឬនិរន្តរភាពនៅកម្ពនៅកម្ពុជា ពីព្រោះការបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាប័ណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាព​ទៅបាន ទាមទារឱ្យមានបច្ចេកទេសនៃការបញ្ជាក់ការបោះផ្សាយច្រើនដំណាក់កាល ជាងសញ្ញាបណ្ណធម្មតា​ និងត្រូវការអ្នកវាយតម្លៃពីស្ថានប័នឯករាជ្យមួយ ព្រោះក្រុមហ៊ុនមិនអាចធ្វើបានដោយខ្លួនឯងនោះទេ។

លោកបន្ថែមថា «វាទាមទារឱ្យមានការបញ្ជាក់ថា វាស្រប​ទៅតាមបទដ្ឋានបរិស្ថានដែរឬទេ ហើយថា តើសាច់ប្រាក់ដែលប្រមូលបាន យកទៅដាក់លើប្រភេទធុរកិច្ចទាំងអស់នោះ វាស្របទៅនឹងបទដ្ឋានបៃតងដែរ ឬអត់ ហេតុនេះហើយវាត្រូវការនូវអ្នកជំនាញ ដែលគាត់ស្គាល់អំពីស្តង់ដារខាងផ្នែកបៃតង និងនិរន្តភាព ដើម្បីចុះមកធ្វើការវាយតម្លៃ នូវអ្វីដែលក្រុមហ៊ុនបានធ្វើ និងការប្រមូលសាច់ប្រាក់នេះ»

លោកគូសបញ្ជាក់ទៀតថា UNESCAP និង GGGI គឺជាស្ថាប័នមួយដែលមានជំនាញក្នុងកិច្ចការពារបរិស្ថាន ដែលតាមរយៈកិច្ចសហការនេះ នឹងជំរុញក៏ដូចជាលើកទឹកចិត្តឱ្យក្រុមហ៊ុននានា យកចិត្តទុកដាក់ក្នុងការបោះផ្សាយផ្សាយសញ្ញាបណ្ណបៃតង សញ្ញាប័ណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាព ដើម្បីកៀរគរទុនទៅធ្វើធុរកិច្ច ដែលគិតគូរពីបរិស្ថាន ឬនិរន្តរភាពសង្គម។

លោកបន្តទៀតថា «ដើម្បីជំរុញ និងលើកទឹកចិត្តគាត់ យើងត្រូវជួយគាត់មួយចំនួន ហេតុនេះហើយបានជាថ្ងៃនេះ យើងបានរៀបចំការចុះហត្ថលេខា ដើម្បីបញ្ជាក់ថាយើងរួមគ្នា ដើម្បីផ្តល់ជាជំនួយបច្ចេកទេស ជូនទៅដល់ក្រុមហ៊ុនដែលចង់បោះផ្សាយ នូវសញ្ញាបណ្ណប្រភេទពិសេសនេះ។ UNESCAP លោកក៏នឹងមានជំនួយថវិកាបន្ថែមទៀត សម្រាប់បង់ថ្លៃទៅដល់អ្នកវាយតម្លៃសញ្ញាបណ្ណ​ ជំនួសឱ្យក្រុមហ៊ុនផងដែរ​ »

បើតាមលោក ស៊ូ សុជាតិ នៅឆ្នាំ២០២៣នេះ និយ័តករមូលបត្រកម្ពុជា UNESCAP និង GGGI​ បានឯកភាពគ្នាថានឹងជួយ​ដល់ក្រុមហ៊ុនចំនួន៤​ ប្រសិនបើក្រុមហ៊ុន ត្រូវការ​បោះផ្សាយនូវសញ្ញាបណ្ណពិសេសនេះ។

លោកលើកឡើងទៀតថា នេះគឺជាឱកាសល្អមួយសម្រាប់ក្រុមហ៊ុននៅកម្ពុជា ​ដែលត្រូវការបោះផ្សាយនូវសញ្ញាបណ្ណបៃតង សញ្ញាប័ណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាព និងត្រូវការនូវជំនួយបច្ចេកទេស ឬថវិកាអាចដាក់ពាក្យស្នើសុំឱ្យបានកាន់តែ​លឿន ព្រោះការទទួលពាក្យស្នើសុំនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ហើយចាប់ពីថ្ងៃទី២០ ខែមីនា នឹងចាប់ផ្តើមធ្វើការវិនិច្ឆ័យទៅលើអ្នកដាក់ពាក្យ។

សូមជម្រាបថា នៅឆ្នាំ២០២២ មានក្រុមហ៊ុន១ ហើយបានបោះផ្សាយសញ្ញាបណ្ណបៃតង គឺក្រុមហ៊ុន Golden Tree ខណៈនៅឆ្នាំ២០២៣ ​ធនាគារអេស៊ីលីដា ក៏នឹងបោះផ្សាយសញ្ញាបណ្ណបៃតង និងមានក្រុមហ៊ុនមួយចំនួនទៀតបានបង្ហាញបំណងផងដែរ​៕