(ប៉េកាំង)៖ ប្រទេសចិនរំពឹងថា ទីផ្សារទេសចរណ៍របស់ខ្លួននឹងមានកើនឡើងវិញនៅឆ្នាំនេះ ដោយចាប់ផ្តើមជាមួយនឹងរដូវកាលទេសចរណ៍រដូវក្តៅដ៏មមាញឹក ខណៈអ្នកធ្វើដំណើរសម្រុកទៅកាន់កន្លែងវិស្សមកាល បន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់គោលនយោបាយកូវីដសូន្យ ដែលបានបិទខ្ទប់ប្រជាជននៅក្នុងផ្ទះអស់រយៈពេលជិត ៣ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្ន័យពីបណ្ឌិតសភាទេសចរណ៍ចិនថា ប្រាក់ចំណូលពីទេសចរណ៍ក្នុងស្រុកនៅឆ្នាំ២០២៣ អាចឡើងដល់ប្រហែល ៤ពាន់ពាន់លានយន់ (៥៨០,៨ពាន់លានដុល្លារ) កើនឡើងប្រហែល ៩៥ភាគរយធៀបនឹងឆ្នាំ២០២២ និងងើបឡើងវិញដល់កម្រិត ៧១ភាគរយនៃកម្រិតក្នុងឆ្នាំ២០១៩។

ចំនួនភ្ញៀវទេសចរក្នុងស្រុកត្រូវបានរំពឹងថានឹងកើនឡើងដល់ ៤,៥៥ពាន់លាននាក់ក្នុងឆ្នាំ២០២៣ កើនឡើង ៨០ភាគរយធៀបនឹងឆ្នាំ២០២២ ខណៈដែលចំនួនភ្ញៀវទេសចរចូលក្នុង និងចេញក្រៅប្រទេសត្រូវបានគេមើលឃើញថាមានចំនួនជាង ៩០លាននាក់ ពោលគឺកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០២២ និងកើនឡើងដល់ ៣១,៥ភាគរយនៃកម្រិតមុនមានជំងឺរាតត្បាត។

យោងតាមទិន្នន័យដដែល ក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរក្នុងស្រុកនៅទូទាំងប្រទេសមានចំនួន ២៥,៣ពាន់លាននាក់ ធ្លាក់ចុះ ២២,១ភាគរយធៀបនឹងឆ្នាំ២០២១។

របាយការណ៍ដដែលបានឱ្យដឹងថា៖ «មានការរំពឹងថា ទីផ្សារទេសចរណ៍នឹងស្ទុះងើបឡើងខ្លាំងនៅក្នុងត្រីមាសទីពីរ ហើយវិស្សមកាលរដូវក្តៅត្រូវបានរំពឹងថានឹងនាំឱ្យមានការស្ទុះងើបឡើងវិញពេញលេញ»។

ក្រុមហ៊ុនផ្តល់សេវាធ្វើដំណើរបានរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាត។ បន្ទាប់ពីប្រទេសចិនបានលុបចោលគោលនយោបាយដ៏តឹងរ៉ឹងទប់ស្កាត់ជំងឺកូវីដ-១៩ ការធ្វើដំណើរនៅទូទាំងប្រទេសបានកើនឡើងជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលបានមើលឃើញមានការកើនឡើងនៃការធ្វើដំណើរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕