(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមអធិបតីភាពរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ CDC និងលោក អាត់ស៊ូស៊ី អ៊ូអិណុ (Atsushi UENO) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូសរុប ១១០រូប។

ប្រធានបទដែលត្រូវបានលើកមកពិភាក្សា ក្នុងកិច្ចប្រជុំលើកទី២៥នេះ រួមមាន៖ ១-ថាមពល (ការគាំទ្រលើសកម្មភាព ស្តីពីអព្យាក្រឹតកាបូន), ២-ពន្ធដារ (កាលវិភាគនៃការបង្វិលសងអាករលើតម្លៃបន្ថែម (VAT) និងកាតព្វកិច្ចពន្ធរបស់អភិបាលជាអនិវាសនជន) និង ៣- ភ័ស្តុភារកម្ម (ប្រសិទ្ធភាពនៃនីតិវិធីនានា នៅតាមច្រកព្រំដែនជាមួយថៃ និងវៀតណាម, វឌ្ឍនភាពនៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា, ឌីជីថលូបនីយកម្ម, និងសាមញ្ញកម្មនៃនីតិវិធីគយ)។

លោក សុខ ចិន្តាសោភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ នៅចំពោះមុខលោកឯកអគ្គរដ្ឋទូតជប៉ុនថ្មី ពីសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជា ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនភាគីមិត្ត អំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងការខិតខំពន្លឿន ការស្ដារឡើងវិញ និងការពង្រឹងភាពធន់នៃមូលដា្ឋនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតបរិស្ថានអនុគ្រោះសម្រួល ដល់ការវិនិយោគ ព្រមទាំងការប្រកាស ឲ្យប្រើនូវច្បាប់ស្ដីពីវិនិយោគ និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសាជាថ្មី ដល់វិនិយោគិនជប៉ុន ដែលជានិច្ចកាល តែងតែផ្ដល់ទំនុកចិត្តខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌចាំបាច់ សម្រាប់ការសម្រេចចិត្តវិនិយោគ។

លោក​ សុខ ចិន្តាសោភា តាងនាមតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនឹងការងារពាណិជ្ជកម្ម និងវិនិយោគ បានប្តេជ្ញាកែលម្អនីតិវិធីរដ្ឋបាលទាំងឡាយ ក្នុងគោលបំណងឲ្យកម្ពុជា ក្លាយទៅជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ លោកបានអំពាវនាវឲ្យក្រុមហ៊ុនជប៉ុនទាំងអស់ ចាប់អារម្មណ៍ ទៅលើទស្សនាទានថៃ+១ និងវៀតណាម+១។

លោកក៏បានស្វាគមន៍រាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការ ពីសំណាក់អង្គការ JICA, សមាគម JBAC និងពីសំណាក់គ្រប់ក្រុមហ៊ុនជប៉ុន ឱ្យចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបំពាក់ជំនាញដល់ពលករកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញរបស់កម្ពុជា ក្នុងវិស័យដែលមានតម្រូវការជំនាញខ្ពស់ ដូចជា វិស័យយានយន្ត និងអេឡិចត្រូនិកជាដើម។

លោក សុខ ចិន្តាសោភា ក៏បានរំលេចជូនអង្គប្រជុំផងដែរថា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត និងសិក្ខាកាមនៃសាកលវិទ្យាល័យធនធានមនុស្ស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោនាយករដ្ឋមន្រ្តីបានណែនាំលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ធ្វើការពិនិត្យនៅតាមស្ថាប័នដែលធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្ស និស្សិត យុវជនក្រីក្រចំនួន ១លាន៥សែននាក់ ដោយមិនគិតថ្លៃ ហើយទទួលបានប្រាប់ឧបត្ថម្ភ ពីរដ្ឋថែមទៀតផង ព្រោះសម្តេចប្រមុខរាជរដ្ឋាភិបាល យល់ច្បាស់ពីគុណសម្បត្តិ នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបម្រើឲ្យការអភិវឌ្ឍមានល្បឿនកាន់តែលឿន។

លោក អាត់ស៊ូស៊ី អ៊ូអិណុ បានបង្ហាញមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ព្រោះកម្ពុជាជាប្រទេស ដែលមានវប្បធម៌ដ៏យូរលង់ និងប្រពៃណីដ៏ល្អផូរផង់ ក៏ដូចជាការអភិវឌ្ឍប្រកបដោយថាមវន្ត។

លោកបានលើកឡើងពីទំនាក់ទំនង ដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន ដែលបានក្លាយជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសដែលប្រទេសទាំងពីរ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៣នេះ តាមការឯកភាព របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

លោកបន្តថា ថ្វីត្បិតថ្ងៃនេះជាកិច្ចប្រជុំលើកទី១ ដែលលោកមានកិត្តិយសធ្វើជាសហប្រធាន ប៉ុន្តែលោកបានយល់ច្បាស់ពីសារៈសំខាន់ នៃកិច្ចប្រជុំទ្វេភាគីនេះ ដែលតែងតែបានផ្ដល់ឱកាស ជូនវិនិយោគិនជប៉ុន អាចលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការបកស្រាយ និងផ្តល់ដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់ភាគីរាជរដ្ឋាភិបាល និងវិស័យឯកជន។

លោកក៏បានលើកឡើងពីការប្រកាសឲ្យប្រើច្បាប់ ស្ដីពីវិនិយោគ កាលពីខែតុលា ឆ្នាំ២០២១ ដែលបានជួយជំរុញឲ្យបរិស្ថានវិនិយោគ នៅកម្ពុជា កាន់តែមានភាពអំណោយផល ហើយរួមផ្សំជាមួយនឹងការបន្តខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកប ដោយភាពទន់ភ្លន់ ចំពោះក្ដីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន លោកមានជំនឿថា វត្តមានរបស់វិនិយោគិន និងធុរជនជប៉ុននឹងកាន់តែមានការកើនឡើងនៅកម្ពុជា។

បន្ថែមពីនេះ លោក អាត់ស៊ូស៊ី អ៊ូអិណុ បានបេ្តជ្ញាបន្តចូលរួមសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ។

លោក យ៉ូហ្គូ កាន់ដា (Yogo Kanda) ប្រធានសមាគម JBAC បានលើកឡើងពីតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន និងស្ថិរភាពនយោបាយនៅកម្ពុជា។

លោកក៏បានសម្តែង នូវក្តីសោមនស្សរបស់ខ្លួន ក្នុងនាមតំណាងក្រុមហ៊ុនជប៉ុន ដែលកំពុងមានប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយបានលើកជូនអង្គប្រជុំអំពីភាពជោគជ័យរបស់ក្រុមហ៊ុនជប៉ុនមួយចំនួនដូចជា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. ដែលបានបើកឱ្យដំណើរការផ្សារទំនើប AEON សាខាទី៣, ក្រុមហ៊ុន MinebeaMitsumi ដែលបានប្រារព្វពិធីអបអរសាទរខួបលើកទី១១ នៃប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា និងក្រុមហ៊ុន Sumi Wiring ដែលបានពង្រីកបន្ថែមរោងចក្រទី៣ កាលពីឆ្នាំ២០២២ ជាដើម។

លោកប្រធានសមាគមបានបន្ថែមថា ភាពជោគជ័យរបស់ធុរជន និងវិនិយោគិនជប៉ុននៅកម្ពុជា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការទាក់ទាញធុរជន និងវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

សូជម្រាបថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជប៉ុនចំនួន ១៥០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២.៩ប៊ីលានដុល្លារ។

គម្រោងវិនិយោគជប៉ុនដែលលេចធ្លោមានដូចជា គម្រោងវិនិយោគផ្សារទំនើប, គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត, គម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូច, គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតឧបករណ៍អគ្គិសនី និងគម្រោងវិនិយោគសាងសង់ និងអាជីវកម្មមន្ទីរពេទ្យជាដើម៕