(ភ្នំពេញ)៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានចាប់ផ្តើមដំណើរការចរចាជុំទី៣ បង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (The Kingdom of Cambodia-United Arab Emirates Comprehensive Economic Partnership Agreement – Cambodia-UAE CEPA) ដែលដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ សម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការចរចាជុំទី៣នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមានវត្តមានចូលរួមពីក្រុមការងារចរចាពាណិជ្ជកម្មរបស់ភាគីទាំងពីរសរុបប្រមាណ១០០ រូប។

ការចរចាជុំទី៣នេះ រៀបចំឡើងបន្ទាប់ពីកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបើកការចរចាជុំទី១ កាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម និងការចរចាជុំទី២ កាលពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយលទ្ធផលជាផ្លែផ្កា។

សម្រាប់ការចរចានៅជុំទី៣ នេះ ភាគីទាំងពីរនឹងបន្តការចរចាលើការបើកច្រកទីផ្សារ និងគ្រោងបញ្ចប់ការចរចាលើអត្ថបទកិច្ចព្រមព្រៀងដែលនៅសេសសល់ ដែលក្នុងនោះរួមមាន ១៨ ជំពូកពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន។

ដោយទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា ក្រុមការងារចរចាពាណិជ្ជកម្មនៃភាគីទាំងពីរសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ផងដែរថា ក្រុមការងារចរចាពាណិជ្ជកម្មរបស់កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នឹងខិតខំបញ្ចប់ការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA នៅត្រឹមការចរចាជុំទី៣ នេះ សំដៅឈានឆ្ពោះទៅដល់ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមប្រកាសបញ្ចប់ការចរចា នាពេលដ៏ខ្លីខាងមុខនៅកម្ពុជា៕