(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានឱ្យដឹងកាលពីថ្ងៃពុធថា លោកសង្ឃឹមថា មេដឹកនាំថ្មីរបស់ធនាគារកណ្តាលនៅក្នុងដំណើរការគោលនយោបាយរូបិយវត្ថុរបស់ខ្លួន នឹងគិតគូរដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការសម្រេចបានប្រាក់ឈ្នួលខ្ពស់ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Kishida ក៏បាននិយាយផងដែរថា វាឆាប់ពេកក្នុងការនិយាយថា តើរដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន (BOJ) គួរតែពិនិត្យឡើងវិញនូវសេចក្តីថ្លែងការណ៍រួមអំពីគោលនយោបាយដែរឬយ៉ាងណា ដែលសេចក្តីថ្លែងការណ៍នោះប្តេជ្ញាថា ធនាគារកណ្តាលជប៉ុនឹងសម្រេចឱ្យបានគោលដៅអតិផរណា ២ ភាគរយរបស់ខ្លួនឱ្យបានឆាប់បំផុតដែលអាចធ្វើបាន។

លោក Kishida បានថ្លែងទៅកាន់សភាថា៖ «យើងចង់សម្រេចបានកំណើនប្រាក់ឈ្នួល និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ខ្ញុំសង្ឃឹមថា គោលនយោបាយដឹកនាំថ្មីរបស់ធនាគារកណ្តាលគិតគូរដល់ទិសដៅគោលនយោបាយរបស់យើង»

រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃអង្គារបានជ្រើសរើសលោក Kazuo Ueda ឱ្យធ្វើជាបេក្ខភាព សម្រាប់តំណែងទេសាភិបាលធនាគារកណ្តាលថ្មី ពោលគឺជាជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលដែលអាចបង្កើនឱកាសបញ្ចប់គោលនយោបាយគ្រប់គ្រងអត្រាការប្រាក់ដែលមិនមានប្រជាប្រិយភាពរបស់ខ្លួន។

លោក Kishida បានបន្ថែមថា លោកបានផ្លាស់ប្តូរទស្សនៈជាមួយអ្នកផ្សេងទៀតតាំងពីឆ្នាំមុនក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ លោកថ្លែងថា លោក Ueda គឺសមបំផុតក្នុងការដឹកនាំធនាគារកណ្តាល ខណៈដែលលោកគឺជាសេដ្ឋវិទូដ៏ល្បីល្បាញទូទាំងពិភពលោក និងមានជំនាញខ្ពស់ក្នុងវិស័យហិរញ្ញវត្ថុ។

លោក Kishida បានបន្តថា ការតែងតាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិចារណារទៅលើ ផលប៉ះពាល់ទីផ្សារ ក៏ដូចជាកំណើនសេដ្ឋកិច្ច និងប្រាក់ឈ្នួល និងគោលដៅស្ថិរភាពតម្លៃ។ លោកបន្ថែមថា ជំនាញទំនាក់ទំនងខាងក្នុង និងខាងក្រៅក៏ជាកត្តាចូលរួមចំណែកក្នុងការសម្រេចចិត្តនេះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕