(ភ្នំពេញ)៖ មន្រ្តី និងសមាគមមៀនប៉ៃលិនបានដឹងឱ្យថា នៅឆ្នាំនេះកសិករដាំមៀនប៉ៃលិន មិនជួបប្រទះបញ្ហាទីផ្សារទៀតនោះទេ បន្ទាប់ពីកម្ពុជា បាននាំចេញមៀនប៉ៃលិន ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ​ខណៈតម្លៃបានកើនឡើងជាង ៣ពាន់រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយ ផ្តល់ផលចំណេញដល់កសិករ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានកសិករដាំមៀនប៉ៃលិនណាម្នាក់ ត្អូញត្អែរពីបញ្ហាទីផ្សារ និងការធ្លាក់ចុះតម្លៃដូចឆ្នាំមុនៗនោះទេ ដោយសារឆ្នាំនេះ​ កម្ពុជាបានបើកទីផ្សារនាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន​​​។

លោកបន្តថា ​បច្ចុប្បន្ននេះនៅខេត្តបាត់ដំបង មានក្រុមហ៊ុនចំនួនបី ដែលបានប្រមូលទិញមៀនប៉ៃលិនពីកសិករ សម្រាប់នាំចេញទៅប្រទេសចិន​ ដោយប្រមូលទិញប្រភេទមៀនលេខ១ និងលេខ២។

​លោកថា ក្នុងមួយចម្ការមៀនប៉ៃលិនអាចជ្រើសសរើស ប្រភេទលេខ១ ពី២០-២៥% ដែលអាចលក់ទៅកាន់ទីផ្សារប្រទេសចិន ក្នុងតម្លៃ៣៨០០រៀល/គីឡូក្រាម, ប្រភេទលេខ ២ និង៣ (ប្រហែល៦០%នៃផ្លែមៀនប៉ៃលិនក្នុងចម្ការ។ កសិករភាគច្រើនលក់ទៅចិនខ្លះ និងទៅកាន់ប្រទេសថៃភាគច្រើនក្នុងតម្លៃ ៣២០០-៣៤០០រៀលក្នុង១គីឡូក្រាម។ ចំណែកប្រភេទលេខ៤(ប្រហែល១៥% នៃផ្លែមៀនប៉ៃលិនក្នុងចម្ការ) គឺកសិករលក់បានក្នុងតម្លៃ ១០០០រៀលចុះក្រោមក្នុង១គីឡូក្រាម ។

លោកបន្តថា ​«តម្លៃនេះកសិករគាត់ចំណេញ។ និយាយតម្លៃចាប់ពី ២ពាន់រៀលឡើងទៅគាត់ចំណេញហើយ»

បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងរូបនេះ ចម្ការមៀនប៉ៃលិន (តាង៉ែន) ដែលបានចុះបញ្ជីចម្ការ និងទទួលបានវិញ្ញាបនបត្រអនុវត្តកសិកម្មល្អ GAP មានចំនួន ១០៤ចម្ការ ដែលដាំដុះលើផ្ទៃដី ១៤០៦ហិចតា ក្នុងខេត្តបាត់ដំបង។

លោក សួស ស៊ីយ៉ាត ប្រធានសហគមន៍មៀនប៉ៃលិន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា រាល់កសិករដែលដាំដុះមៀនប៉ៃលិន តាមបែបកសិកម្មល្អ ត្រូវបានក្រុមហ៊ុនប្រមូលទិញទាំងអស់ ក្នុងតម្លៃ៣៥០០រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃនេះអាចនឹងកើនឡើងថែមទៀត នៅក្នុងការប្រមូលផលនៅក្នុងខែមេសា អំឡុងមុន ឬក្រោយបុណ្យចូលឆ្នាំខ្មែរ ដែលអាចនឹងកើនឡើងដល់ ៣៧០០រៀល ឬ៣៨០០រៀលក្នុងមួយគីឡូក្រាម។ តែយ៉ាងណាតម្លៃកើនឡើង គឺអាស្រ័យ ទៅលើការថែទាំមៀនរបស់កសិករ ឱ្យត្រូវបានស្តង់ដារក្រុមហ៊ុន។

លោកបន្តថា «តម្លៃនេះវាល្អប្រសើរជាងឆ្នាំមុនៗ។ ដូចដែលយើងដឹងហើយថា ឆ្នាំមុនថៃបិទ មៀនចុះថោកខ្លាំងរហូតដល់សម្តេចតេជោអំពាវនាវឱ្យមានការជួយទិញពីកសិករផងដែរ»

លោកបន្តថា បើទោះបីជាតម្លៃល្អជាងឆ្នាំមុនក៏ដោយ ប៉ុន្តែកសិករមិនទាន់ពង្រីកការដាំដុះនោះទេ ដោយខិតខំថែទាំឱ្យត្រូវជាមួយនឹងស្តង់ដារ របស់ក្រុមហ៊ុនប្រមូលទិញសិន។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះបានឲ្យដឹងថា មៀនប៉ៃលិនស្រស់របស់កម្ពុជា ដែលកំពុងដាក់លក់ នៅលើទីផ្សារអនប្រទេសចិន កំពុងទទួលបានការគាំទ្រខ្លាំង ដោយត្រឹមតែរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់១៨តោន ក្រោយពីក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀន ទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba។ ​

​លោកបន្ថែមថា នៅពេលខាងមុខក្រសួងនឹងព្យាយាមពង្រីកទីផ្សារបន្ថែម សម្រាប់កសិផលរបស់កម្ពុជា ជាពិសេសជាមួយ Alibaba តាមរយៈពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមលើការពិនិត្យលទ្ធភាព ចុះអនុស្សរណៈនៃការយោគយល់គ្នា ជំរុញចលនាភូមិមួយ ផលិតផលមួយជាដើម។

គួរបញ្ជាក់ថា មៀនប៉ៃលិនស្រស់របស់កម្ពុជា ត្រូវបានដាក់លក់នៅលើទីផ្សារ Alibaba កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលតាមរយៈទីផ្សារនេះ នឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់កសិករខ្មែរ ខណៈក្រុមហ៊ុន Alibaba Group មានគម្រោងនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជាក្នុងមួយឆ្នាំ ចំនួន២ម៉ឺនតោន សម្រាប់ដាក់លក់ផងដែរ។

ចំការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន មានចំនួន៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕