(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម EVN នឹងខាតចំនួន ៦៤,៩ពាន់ពាន់លានដុង (២,៧៥ពាន់លានដុល្លារ) នៅឆ្នាំនេះ ប្រសិនបើតម្លៃអគ្គិសនីលក់រាយនៅតែមិនផ្លាស់ប្តូរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលវៀតណាមថា ការខាតនេះនឹងធ្វើឱ្យការខាតបង់សរុបរបស់ក្រុមហ៊ុនរដ្ឋ EVN នៅឆ្នាំមុន និងនៅឆ្នាំនេះដល់ចំនួន ៩៣,៨ពាន់ពាន់លានដុង (ប្រហែល ៣,៩៧ពាន់លានដុល្លារ)។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានព្យាយាមដំឡើងថ្លៃអគ្គិសនីលក់រាយដើម្បីលើកទឹកចិត្តការវិនិយោគក្នុងវិស័យផលិតថាមពល ប៉ុន្តែក៏ប្រឈមនឹងសម្ពាធក្នុងការរក្សាអតិផរណាឱ្យស្ថិតក្រោមការគ្រប់គ្រងផងដែរ។

កាលពីដើមខែនេះ ប្រទេសវៀតណាមបានដំឡើងតម្លៃជាមធ្យមសម្រាប់អគ្គិសនីលក់រាយចំនួន ១៣,៦៩ភាគរយ ដែលមានការរំពឹងថា ការដំឡើងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យក្រុមហ៊ុន EVN ដំឡើងតម្លៃអគ្គិសនីរបស់ខ្លួន។

លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះថា៖ «រាល់ការកែសម្រួលតម្លៃអគ្គិសនីត្រូវតែគិតគូរពីផលប៉ះពាល់ដែលអាចកើតមានលើអតិផរណា ការរស់នៅរបស់ប្រជាជន និងលើម៉ាក្រូសេដ្ឋកិច្ច»។

ប្រទេសវៀតណាមមានបំណងរក្សាអតិផរណាឱ្យនៅខាងក្រោម ៤,៥ភាគរយនៅឆ្នាំនេះ។ តម្លៃទំនិញប្រើប្រាស់នៅវៀតណាមក្នុងខែធ្នូបានកើនឡើង ៤,៥៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕