(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសន្យាថានឹងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នៅទីក្រុងប៉េកាំង ខណៈដែលអាមេរិកថានឹងបង្កើនសម្ពាធលើប្រទេសចិនឱ្យបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានធិបតីអ៊ីរ៉ង់គិតចាប់តាំងពីអតីតប្រធានាធិបតីលោក Hassan Rouhani ដែលបានមកបំពេញទស្សនកិច្ចក្នុងឆ្នាំ២០១៨ ហើយទស្សនកិច្ចនេះក៏បានកើតឡើងផងដែរក្នុងគ្រាដែលមានសញ្ញានៃភាពតានតឹងរវាងក្រុងតេហេរ៉ង់ និងក្រុងប៉េកាំងបន្ទាប់ពីមានការត្អូញត្អែរពីប្រទេសអ៊ីរ៉ង់ថ្មីៗនេះអំពីការធ្លាក់ចុះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកចង់អនុវត្តទណ្ឌកម្មលើការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ ដើម្បីទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។

លោកប្រធានាធិបតី ស៊ី បានថ្លែងក្នុងអំឡុងកិច្ចប្រជុំជាមួយលោកប្រធានាធីបតី Raisi នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារថា៖ «ប្រទេសចិននឹងបង្កើតកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយអ៊ីរ៉ង់ដោយមិនផ្លាស់ប្តូរ មិនថាស្ថានភាពអន្តរជាតិ និងតំបន់ផ្លាស់ប្តូរយ៉ាងណានោះទេ»។ លោកមិនបានលើកឡើងដោយផ្ទាល់អំពីពាណិជ្ជកម្មប្រេងឡើយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីស្លាមរបស់អ៊ីរ៉ង់បាយរាយការណ៍ថា ភ្លាមៗមុនពេលចាកចេញទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ លោក Raisi បាននិយាយថា មាន «ការដើរថយក្រោយយ៉ាងខ្លាំង» នៅក្នុងទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយប្រទេសចិន និងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមិនល្អនោះទេ។

កាលពីខែមុន មន្ត្រីពាណិជ្ជកម្មអ៊ីរ៉ង់បាននិយាយថា រុស្ស៊ីបានវ៉ាដាច់ចិនជាផ្លូវការក្លាយជាអ្នកវិនិយោគបរទេសធំបំផុតរបស់អ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕