(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ ដឹកនាំដោយលោក Michael Kellner រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងបរិស្ថានអាល្លឺម៉ង់។

លោក សុខ ចិន្តាសោភា បានស្វាគមន៍គណៈប្រតិភូ ដែលបានឆ្លៀតពេលមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសនៃការអញ្ជើញអមដំណើរលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ បំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។

លោករដ្ឋមន្ត្រីបានជម្រាបគណៈប្រតិភូពីបរិយាកាសវិនិយោគ ដែលបើកចំហរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេស បណ្តាក់ទុនវិនិយោគ នៅលើគ្រប់វិស័យ ដោយមិនមានការតម្រូវឱ្យមានការចូលរួមទុន ពីវិនិយោគិនក្នុងស្រុក។

លោកបានជម្រាប ជូនគណៈប្រតិភូពីខ្លឹមសារសំខាន់ៗ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសដាក់ឱ្យប្រើ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដូចជាវិស័យអាទិភាព ដែលទទួលបានការលើកទឹកចិត្តនានា។

លោកក៏បានលើកឡើងបន្ថែមទៀតថា ដើម្បីជួយជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅរកវិស័យដែលមានតម្លៃបន្ថែមខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដ៏ខ្ពង់ខ្ពស់ដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។

លោក Michael Kellner បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសង្គ្រាមអ៊ុយក្រែន។

លោកបានលើកឡើងថា រដ្ឋាភិបាលអាល្លឺម៉ង់ បាននិងកំពុងជំរុញវិនិយោគិនអាល្លឺម៉ង់ មកធ្វើពិពិធកម្មគោលដៅ វិនិយោគតាមរយៈការបណ្តាក់ទុន នៅបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

ក្នុងន័យនេះ លោកសង្ឃឹមថា វិនិយោគិនអាល្លឺម៉ង់ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ នឹងចាប់យកឱកាសពីបរិយាកាសវិនិយោគ ដែលបើកចំហ និងអំណោយផលធ្វើការបណ្តាក់ទុននៅកម្ពុជា។ នៅក្នុងជំនួបនេះ គណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានឧទ្ទេសនាមពីសកម្មភាពធុរកិច្ចរបស់ខ្លួន និងបានមានការលើកជាសំណួរជាច្រើន ពាក់ព័ន្ធនឹងកាលានុវត្តភាពធុរកិច្ចរបស់ខ្លួន នៅកម្ពុជាផងដែរ៕