(តូក្យូ)៖ សេដ្ឋកិច្ចជប៉ុនបានជៀសផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ច ប៉ុន្តែបានស្ទុះងើបឡើងវិញទាបជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ដោយសារការវិនិយោគអាជីវកម្មបានធ្លាក់ចុះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់ក្រុមអ្នកវិភាគថា បើទោះជាការប្រើប្រាស់ឯកជនកំពុងជួយទប់ទល់នឹងការកើនឡើងការចំណាយលើការរស់នៅក្តី ក៏ភាពមិនប្រាកដប្រជាអំពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកនឹងដាក់បន្ទុកលើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនពីជំងឺរាតត្បាតកូវីដ-១៩។

ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចធំទី៣ របស់ពិភពលោកមួយនេះបានកើនឡើង ០,៦ភាគរយនៃអត្រាប្រចាំឆ្នាំនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុនបន្ទាប់ពីបានធ្លាក់ចុះ ១ភាគរយនៅត្រីមាសទី៣។

ការកើនឡើងផលិតផលក្នុងស្រុកសរុប (GDP) នេះមានកម្រិតទាបជាងការព្យាកររបស់ទីផ្សារដែលថាកើនឡើង ២ភាគរយ ដោយសារការធ្លាក់ចុះការចំណាយមូលធន និងសារពើភ័ណ្ឌ។

លោក Toru Suehiro ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Daiwa Securities បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ធៀបនឹងកំណើនអវិជ្ជមាននៅត្រីមាសទី៣ ការស្ទុះងើបឡើងវិញនេះមិនទាន់ល្អនៅឡើយទេ»

លោកមានប្រសាសន៍ថា៖ «យើងអាចរំពឹងថា ការប្រើប្រាស់នឹងកើនឡើងនៅពេលដែលការចំណាយលើសេវាកម្មមានស្ថិរភាព។ ប៉ុន្តែវាពិបាកក្នុងការព្យាករពីការងើបឡើងវិញដ៏រឹងមាំ មួយផ្នែកដោយសារតែសម្ពាធពីការកើនឡើងអតិផរណា»