(ក្រុងឡុងដ៍)៖ អង្គការ OPEC បានដំឡើងការព្យាករអំពីតម្រូវការប្រេងឆៅពិភពលោកប្រចាំឆ្នាំ២០២៣ របស់ខ្លួន ដោយលើកឡើងពីការបន្ធូរបន្ថយការរឹតត្បិតវិធានការជំងឺកូវីដ-១៩ របស់ប្រទេសចិន និងចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករឹងមាំជាងមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ប្រចាំខែរបស់អង្គការប្រទេសនាំចេញប្រេងឆៅ (OPEC) កាលពីថ្ងៃអង្គារថា តម្រូវការប្រេងសកលនឹងកើនឡើងនៅឆ្នាំនេះចំនួន ២,៣២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ឬ ២,៣ភាគរយ។ ការព្យាករនេះមានចំនួនច្រើនជាងការព្យាករកាលពីខែមុនចំនួន ១សែនបារ៉ែលក្នុងមួយថ្ងៃ។

អង្គការ OPEC បានឱ្យដឹងនៅក្នុងរបាយការណ៍នេះថា៖ «គន្លឹះចំពោះកំណើនតម្រូវការប្រេងនៅឆ្នាំ២០២៣នេះ នឹងដោយសារតែការវិលត្រលប់មកវិញរបស់ប្រទេសចិនពីការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន ហើយឥទ្ធិពលនេះនឹងមានលើប្រទេស តំបន់ និងពិភពលោក»

អង្គការ OPEC បានបន្តថា៖ «ក្តីបារម្ភស្ថិតនៅត្រង់កម្រិត និងល្បឿននៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងឥទ្ធិពលជាបន្តបន្ទាប់ទៅលើតម្រូវការប្រេង»

អង្គការ OPEC មានភាពសុទិដ្ឋិនិយមលើចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក ដោយបានដំឡើងការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣។ ប៉ុន្តែអង្គការនេះក៏បានឱ្យដឹងផងដែរថាការថមថយសេដ្ឋកិច្ចនៅតែអាចកើតមាន ដោយលើកឡើងពីអតិផរណាខ្ពស់និងការរំពឹងទុកពីការដំឡើងអត្រាការប្រាក់ថែមទៀត។

របាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា ផលិតកម្មប្រេងឆៅរបស់អង្គការ OPEC បានធ្លាក់ចុះក្នុងខែមករា បន្ទាប់ពីសម្ព័ន្ធភាព OPEC+ បានសន្យាកាត់បន្ថយទិន្នផលប្រេងឆៅ ដើម្បីគាំទ្រទីផ្សារ។ ទិន្នផលប្រេងឆៅបានធ្លាក់ចុះនៅប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងអ៊ីរ៉ង់។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទិន្នផលប្រេងឆៅរបស់អង្គការ OPEC ក្នុងខែមករាបានធ្លាក់ចុះ ៤៩ ០០០បារ៉ែលក្នុងមួយថ្ងៃមកនៅត្រឹម ២៨,៨៨លានបារ៉ែលក្នុងមួយថ្ងៃ៕