(បាងកក)៖ មន្ត្រីធនាគារកណ្តាលរបស់ប្រទេសថៃបានឱ្យដឹងថា ធនាគារកណ្តាលចង់ឃើញកម្រិតបំណុលគ្រួសារស្ថិតនៅក្រោម ៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីជួយកាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើយោងតាមតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោកស្រី Suwannee Jatsadasak ជំនួយការទេសាភិបាលធនាគារកណ្តាលថៃ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានខ្លីមួយថា ទោះជាយ៉ាងណា វិធានការដែលបានដាក់ចេញរហូតមកទល់ពេលនេះ និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចប្រហែលជាមិនគ្រប់គ្រាន់ឡើយ ដើម្បីធ្វើឱ្យកម្រិតបំណុលធ្លាក់ចុះក្រោម ៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប។

បំណុលគ្រួសាររបស់ប្រទេសថៃមានចំនួន ៨៦,៨ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ដែលស្ថិតក្នុងចំណោមបំណុលខ្ពស់បំផុតនៅអាស៊ី។

លោកស្រី Suwannee បានថ្លែងថា ដោយមើលឃើញពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន អតិផរណា និងអត្រាការប្រាក់ «យើងគិតថា នៅឆ្នាំ២០២៧ ប្រសិនបើគ្មានអ្វីកើតឡើងទេ បំណុលគ្រួសារនឹងមានចំនួន ៨៤ភាគរយនៃផលិតផលក្នុងស្រុកសរុប»

លោកស្រីបានថ្លែងថា កម្រិតបំណុលខ្ពស់ជាង ៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប អាចជាការដាក់បន្ទុកដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕