(វ៉ាស៊ីនតោន)៖ មន្ត្រីមកពីប្រទេសចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត និងក្រុមប្រទេសអ្នកមានទាំងប្រាំពីរ (G7) នឹងចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញលើកដំបូងដើម្បីពិភាក្សាអំពីបំណុលសាធារណៈនៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពចំនួនបីដែលបានដឹងពីផែនការនេះថា កិច្ចប្រជុំអំពីបំណុលនេះក៏នឹងមានការរួមពីមន្ត្រីមកពីបណ្តាប្រទេសដែលបានស្នើសុំការបន្ធូរបន្ថយបំណុលស្ថិតក្រោមក្របខណ្ឌរួម Group of 20 ផងដែរ ដូចជាប្រទេសអេត្យូពី សំប៊ី និងហ្កាណា និងប្រទេសមានប្រាក់ចំណូលមធ្យមដូចជា ស្រីលង្កា សូរីណាម និងអេក្វាទ័រ ដែលបានប្រឈមមុខនឹងវិបត្តិបំណុល។

កិច្ចប្រជុំនេះនឹងត្រូវបានដឹកនាំដោយសហប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងប្រទេសឥណ្ឌា ដែលជាមេដឹកនាំបច្ចុប្បន្ននៃក្រុមមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 ហើយកិច្ចប្រជុំនេះនឹងធ្វើឡើងមួយសប្តាហ៍មុនពេលដែលក្រុមមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុង Bengaluru ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី២៣ ខែកុម្ភៈដល់ ២៥ ខែកុម្ភៈ។

ប្រភពមួយក្នុងចំណោមប្រភទទាំងបីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសប្រេស៊ីលដែលនឹងដឹកនាំក្រុមប្រទេស G20 នៅឆ្នាំក្រោយក៏នឹងចូលរួមក្នុងកិច្ចប្រជុំតុមូលនេះផងដែរ។

ប្រភពដដែលបានបន្ថែមថា កិច្ចប្រជុំនេះនឹងមានការចូលរូមពីក្លឹបម្ចាស់បំណុលដែលមានឈ្មោះថា Paris Club និងអ្នកចូលរួមពីវិស័យឯកជន វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) និងស្ថាប័នហិរញ្ញវត្ថុវិស័យឯកជនចំនួនពីរផងដែរ៕