(គូឡាឡាំពួរ)៖ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីមានកំណើនខ្ពស់ជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ មួយផ្នែកដោយសារតម្រូវការក្នុងស្រុករឹងមាំ ហើយធនាគារកណ្តាលរំពឹងថា ម៉ាឡេស៊ីនឹងជៀសផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ចក្នុងគ្រាមានការធ្លាក់ចុះសេដ្ឋកិច្ចសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ធនាគារ Negara Malaysia (BNM) ដែលជាធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ សម្រេចបានកំណើន ៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលសេដ្ឋវិទូបានព្យាករថាកើនឡើងតែ ៦,៦ភាគរយប៉ុណ្ណោះក្នុងការស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទោះជាយ៉ាងណា កំណើននេះមានអត្រាទាបជាងអត្រា ១៤,២ភាគរយដែលបានសម្រេចបាននៅត្រីមាសទី៣ ឆ្នាំ២០២២ ប៉ុន្តែតួលេខខ្ពស់នៅត្រីមាសទី៣ នេះកើតមានឡើងដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីការរាតត្បាតជំងឺនៅឆ្នាំ២០២១។

សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២វិញ ផលិតផលក្នុងស្រុកសរុបមានអត្រា ៨,៧ភាគរយដែលជាខ្ពស់ជាងឆ្នាំ២០២១ និងជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំ និងខ្ពស់ជាងការព្យាកររបស់រដ្ឋាភិបាលម៉ាឡេស៊ីដែលថាមានពី ៦,៥ភាគរយទៅ ៧ភាគរយ។

ធនាគារកណ្តាលម៉ាឡេស៊ី BNM ក៏បានព្យាករផងដែរអំពីហានិភ័យដែលនឹងកើតមានចំពោះសេដ្ឋកិច្ច ដូចជាការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការកើតឡើងជាថ្មីនៃការរំខានផ្នែកខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់ៗ និងការកើនឡើងអត្រាការប្រាក់នៅទូទាំងពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕